(គូឡាឡាំពួរ)៖ បុគ្គលិកក្រុមហ៊ុនផ្លូវដែកចិន China Rail Ground បានលើកឡើងថាស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុងគូឡាឡាំពួរដែលតភ្ជាប់ពីម៉ាឡេស៊ីទៅកាន់សិង្ហបុរី នឹងក្លាយទីតាំងសម្រាប់​អភិវឌ្ឍន៍ទីក្រុងក្រោមដី ដ៏ធំជាងគេលើពិភពលោក ហើយវានឹងក្លាយទៅជា «ត្បូងដ៏ត្រចះត្រចង់» សម្រាប់គំរោងប្រកបដោយមហិច្ឆតា នៃការតភ្ជាប់បណ្តាញផ្លូវដែកចិន-អាស៊ី។ នេះបើតាមការ​ចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនិងសារព័ត៌មាន Channel News Asia ក្រុមហ៊ុន China Rail Grounp ដែលកំពុងអភិវឌ្ឍន៍គំរោង «Bandar Malaysia» បានឲ្យដឹងទៀតថាទីក្រុង​ក្រោមដីនាពេល​អនាគតនេះ រួមមានផ្សារទំនើប ប្រឡាយទឹកដ៏ស្រស់ស្អាត សួនកម្សាន្ត ភូមិវប្បធម៌ សួនច្បារ គ្រឹះស្ថានហិរញ្ញវត្ថុ ហើយនិងទីស្នាក់ការប្រចាំតំបន់ដែលមានតម្លៃ ២ពាន់លានដុល្លាររបស់ក្រុមហ៊ុនChina Railway Group។

លោក Cai Zemin នាយកគ្រប់គ្រងទូទៅរបស់សហគ្រាសខាងលើប្រចាំនៅប្រទេសម៉ាឡេស៊ី បាននិយាយថា «Bandar Malaysia នឹងក្លាយជាត្បូងដ៏ត្រចះត្រចង់មួយគ្រាប់​នៅលើកំរាលផ្លូវដែករបស់​ប្រទេសចិន ដែលនឹងតភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអាស៊ីខាងកើត, អាស៊ិខាងលិច, និងអាស៊ីខាងត្បូង»

គួរបញ្ជាក់ដែរថា Bandar Malaysia ដែលនឹងក្លាយជាមជ្ឈមណ្ឌលគមនាគមន៍ចម្រុះថ្មីរបស់រដ្ឋធានី គូឡាឡាំពួរ នោះត្រូវបានគេរំពឹងថានឹងត្រូវសាងសង់ចប់រួចរាល់នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ៕