(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានដឹកនាំសកម្មភាពត្រួតពិនិត្យ និងបង្រ្កាបលើទំនិញរត់ពន្ធ កូរ៉េខាងជើងនំាចូលដោយប្រទេសទីបី ដែលនេះគឺជាផ្នែកមួយ​នៃការអនុវត្តន៍យ៉ាងពេញ​លេញនូវការដាក់ទណ្ឌ កម្មរបស់អង្គការសហប្រជាជាតិ រួមទំាងការដាក់ទណ្ឌកម្មឯកតោភាគី​ពីសំណាក់ទីក្រុង​សេអ៊ូលប្រឆំាងនឹងរបប ដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមសម្តីក្រុមមន្ត្រីកូរ៉េខាងត្បូង ចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។

យោងតាមក្រុមមន្ត្រីរដ្ឋាភិបាល ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង និងភ្នាក់ងាររដ្ឋាភិបាលចំនួន៨ បានដឹក នាំការត្រួតពិនិត្យរួមគ្នាលើមុខទំនិញ ឬផលិតផលនៅផ្សារមួយចំនួនក្នុងទីក្រុងសេអ៊ូល ដែលសង្ស័យថាមាន ដាក់លក់ផលិតផលរត់ពន្ធរបស់កូរ៉េខាងជើង ផលិតឬនាំចូលមកក្នុងទឹកដីកូរ៉េខាងត្បូងដោយប្រទេសទីបី។ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូង បានសម្រេចចិត្ត​ដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដើម្បីឆ្លើយ ទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែកាលពីខែមីនាកន្លងទៅ ហើយទណ្ឌកម្មទំាងនោះរួមមានការហាម ឃាត់មិនឱ្យនាវាកូរ៉េខាងជើងចូល​ចតនៅកំពង់ផែ​កូរ៉េខាង​ត្បូង ឬក៏ការត្រួតពិនិត្យលើទំនិញនំាចូលពី កូរ៉េខាងជើងជាដើម។​ យ៉ាងណាក៏ដោយទីក្រុងព្យុងយ៉ាង នៅតែផ្គើនក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ​ជាបន្តបន្ទាប់​ដដែល។

គួរបញ្ជាក់ថាគិតចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០១៦ អាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញករណីទំនិញ រត់ពន្ធពីកូរ៉េខាងជើងគិតជាទឹកប្រាក់ស្មើនឹង ៣០០លានវ៉ុន (២៤៦,៧៨០ដុល្លារអាមេរិក) បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមាន២៦ករណីឬស្មើនឹង៣.៣ពាន់លានវ៉ុន។ នេះបើតាមក្រសួង បង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបង្ហាញរបាយការណ៍ថ្មីនៅថ្ងៃអង្គារនេះ៕