(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សស្លាប់បានកើនឡើងដល់ ៥៩នាក់ហើយ និងជាង១១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធមួយក្រុម មកលើសាលាហ្វឹកហ្វឺនមន្ត្រីប៉ូលិសមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។

ជុំវិញការវាយប្រហារនេះដែរយោធាប៉ាគីស្ថានបានបញ្ជាក់ថា ក្រុមខ្មាន់កំាភ្លើងមានគ្នា០៣នាក់ បានសម្រុកចូល ទៅក្នុងសាលាបណ្តុះបណ្តាលប៉ូលិស Balochistan Police College ដែលស្ថិតនៅចំងាយ ២០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Quetta នៃខេត្ត Balochistan នៅម៉ោងប្រមាណជា ១១៖០៥នាទីយប់ និង បានបើការបាញ់រះសម្លាប់មនុស្សរាប់សិបនាក់ ហើយបន្ទាប់មកខ្មាន់កំាភ្លើងទាំង ០៣នាក់នោះត្រូវបាន ប៉ូលិសបាញ់សម្លាប់នៅហ្នឹងកន្លែង។ ដោយឡែកមនុស្ស ២០០នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ ហើយដែលនេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតមួយ នៅប៉ាគីស្ថានក្នុងឆ្នាំ២០១៦ នេះ។

គួរបញ្ជាក់តាមអាជ្ញាធរប៉ាគីស្ថានថា សាលាប៉ូលិស Balochistan Police College មានសិស្សស្នាក់នៅ និងសិក្សាប្រមាណជាង ៧០០នាក់ ប៉ុន្តែដោយសារសិស្សមួយចំនួនបានបញ្ចប់ការសិក្សា ដូច្នេះគេពុំទាន់អាច បញ្ជាក់ពីចំនួនសិស្សជាក់លាក់នៅឡើយទេ។ សម្រាប់ក្រុមដែលស្ថិតនៅពីក្រោយខ្នងការវាយប្រហារនេះ ក៏មិនទាន់មានការបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរប៉ាគីស្ថាននោះដែរ៕