(សេអ៊ូល)៖ ក្រុមផលិតនាវា និងផ្តល់សេវាកម្មផ្នែកនាវាចរណ៍របស់ប្រទេសកូរ៉េខាងត្បូង «Daewoo» បានធ្វើពិធីប្រគល់ជាផ្លូវការនូវនាវាមុជទឹកទម្ងន់ ១,៤០០តោនមួយគ្រឿងទៀត ជូនទៅដល់កងទ័ពជើងទឹក នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការថ្លែងរបស់មន្ត្រីយោធាឥណ្ឌូណេស៊ី ដែលសារព័ត៌មានយ៉ុនហាប់ ដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។

នាវាមុជទឹកខាងលើនេះគឺជានាវាទីពីរហើយ ក្នុងចំណោមនាវាបីគ្រឿងដែលឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងទិញពីប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១១ មានតម្លៃសរុប ១.១ពាន់លានដុល្លារ។ កម្មវិធីប្រគល់ខាងលើនេះដែរត្រូវបានប្រារព្ធធ្វើឡើងនៅឯកំពង់ផែនៃកោះ Geoje ដែលជិតនឹងកំពង់ផែទីក្រុង Busan ដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថានាវាមុជទឹកទាំងបីគ្រឿង ដែលឥណ្ឌូណេស៊ីបញ្ជាទិញពីកូរ៉េខាងត្បូងនោះគឺស្ថិតនៅក្នុងលំដាប់ថ្នាក់ Cheng Bogo ដែលកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងក៏កំពុងតែប្រើប្រាស់ផងដែរ។ វាអាចធ្វើដំណើរបាន រហូតដល់ ១៨,៥២០គីឡូម៉ែត្រដោយមិនចាំបាច់ចូលចតនៅកំពង់ផែដើម្បីត្រួតពិនិត្យ ឬចាក់ប្រេង ហើយចម្លាយនេះគឺស្មើនឹងពីរដងនៃចម្ងាយពីទីក្រុង Busan ទៅកាន់ទីក្រុង Los Angeles របស់អាមេរិក៕