(ប៉េកំាង)៖ អ្នកនំាពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន ​លោក An Fengshan បានឱ្យដឹងនៅ ថ្ងៃចន្ទនេះថា ជនជាតិចិន៩នាក់ និងតៃវ៉ាន់ម្នាក់ នឹងត្រឡប់ទៅជួបជុំគ្រួសាររបស់ពួកគេវិញ នៅបន្ទាប់ពីបានឆ្លងកាត់រយៈពេលជាង៤ឆ្នាំ ក្រោមការចាប់ជាចំណាប់ខ្មំាង ពីសំណាក់ក្រុមចោរសមុទ្រសូម៉ាលី។ នេះតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី២៤ ខែតុលា​ ឆ្នាំ២០១៦។

សូមជំរាបថា កាលពីខែមីនា ឆ្នាំ២០១២ អ្នកដំណើរនៅលើទូក Naham ចំនួន២៩នាក់ ក្នុងនោះមានជនជាតិចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី កម្ពុជា វៀតណាម ត្រូវបានក្រុមចោរ សមុទ្រសូម៉ាលី ចាប់ជាចំណាប់ខ្មំាងនៅ ឯសមុទ្រ​ភាគខាងត្បូង ប្រទេស Seychelles​ ដែលជាប្រទេសមួយ ស្ថិតកណ្តាលសមុទ្រ នៃទ្វីបអាហ្រិ្វកខាងកើត។

ចំណែកក្រសួងការបរទេសកម្ពុជា បានឲ្យដឹងរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ពលរដ្ឋកម្ពុជាចំនួន៤នាក់ ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង នៅប្រទេសសូម៉ាលី នៅពេលនេះក្រសួងការបរទេសកម្ពុជាអះអាងថា ត្រូវបានដោះលែងវិញហើយ។

ក្រសួងការបរទេសបានអះអាងថា តាមការរៀបចំសម្របសម្រួលរបស់ក្រសួង, ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ នឹងធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៦៖៣០នាទី តាមជើងយន្តហោះ EK332 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ហើយពេលនេះក្រសួង កំពុងតែបន្តរៀបចំសម្របសម្រួល សំរាប់ការធ្វើដំណើរបន្តពីទីក្រុងម៉ានីលមកទីក្រុងភ្នំពេញ បន្ទាប់ពីពលរដ្ឋទាំង ០៤នាក់នោះ ធ្វើដំណើរមកដល់ទីក្រុងម៉ានីល តាមការគ្រោងទុកខាងលើ៕