(សេអ៊ូល)៖ នៅក្នុងអង្គប្រជុំសភានៅថ្ងៃចន្ទនេះ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានលើកឡើងអំពីភាពចាំបាច់ជាបន្ទាន់ ក្នុងការបង្កើនថវិកាការពារ​ជាតិបន្ថែមទៀត​ដើម្បីធ្វើជាការឆ្លើយតប ទៅនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដ៏ឆាប់រហ័ស​របស់ប្រទេសកូរ៉េខាងជើង ហើយលោកស្រីក៏ស្នើឲ្យមាន ការបន្ថែមអាណត្តិ​ប្រធានាធិបតីផងដែរ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងការថ្លែងសុន្ទរកថាស្តីពីថវិកាជាតិឆ្នាំ២០១៧ ស្រី ផាក គឺនហេ បានព្រមានថាទីក្រុងព្យុងយ៉ាងនឹងឈាន ដល់ដំណាក់កាលនៃការអភិវឌ្ឍនុយក្លេអ៊ែរ ដែលខ្លាំងក្លាជាងមុនឆ្ងាយ​ណាស់ដូច្នេះ​ហើយដើម្បីទប់ទល់ នឹងការគំរាមកំហែងនៃអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោងពីសំណាក់​ប្រទេសកូរ៉េខាងជើង រដ្ឋាភិបាល កូរ៉េខាងត្បូងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីធានាឲ្យបាន​នូវប្រព័ន្ធការពារជាតិស្នូល​មួយ ចំនួនរួមមានប្រព័ន្ធ «Kill Chain», ប្រព័ន្ធ KAMD, និង ប្រព័ន្ធ KMPR។

ជាមួយគ្នានេះដែរ លោកស្រី ផាក ក៏បានលើកឡើងអំពីរយៈ​ពេលនៃអាណត្តិប្រធានា​ធិបតីរបស់ ប្រទេសកូរ៉េខាងត្បូងផងដែរ ដោយលោកស្រីបាន​ស្នើឲ្យមានការកែតម្រូវ​រដ្ឋធម្មនុញ្ញ​ពីព្រោះថាអាណត្តិ ប្រធានាធិបតីដែលមានរយៈពេលត្រឹមប្រាំឆ្នាំ និងអាចកាន់តំណែងបាន​តែមួយអណត្តិគត់​ទៀតនោះ បានធ្វើឲ្យនយោបាយនៅក្នុងប្រទេស មានភាពប្រឈមមុខដាក់គ្នាជាខ្លាំង ហើយរដ្ឋាភិបាលថែមទាំង​មិនអាច បន្តសម្រចបាននូវគោលដៅនយោបាយដែលប្រកបដោយនិរន្តភាព និងស្ថិរភាពបាននោះឡើយ។

លោកស្រី ផាក គីនហេ បានបញ្ជាក់ដូច្នេះថា «អាណត្តិប្រធានាធិបតីដែលមានរយៈពេលប្រាំឆ្នាំ និងអនុញ្ញាតឲ្យកាន់តំណែងបានតែម្តងបែបនេះ គឺវាបានចែងដោយច្បាប់​រដ្ឋធម្មនុញ្ញដែល​ត្រូវបានធ្វើ វិសោធនកម្មកាល​ពីបីទសវត្សរ៍​មុនមកម្ល៉េះនេះ ហើយវាប្រហែលជាសក្តិសមសម្រាប់អនុវត្តន៍នៅក្នុង លទ្ធិប្រជាធិបតេយកាលពីសម័យអតីតកាល ប៉ុន្តែបច្ចុប្បន្នវាបានក្លាយ​ជាសម្លៀកបំពាក់​មួយមិនសមល្មម នឹងខ្លួនប្រាណយើងទៀតនោះឡើយ»

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ក៏បានគូសបញ្ជាក់ជាចុងក្រោយដែរថា ការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុង ប្រទេសកូរ៉េខាងត្បូងរៀងរាល់រយៈពេលប្រាំឆ្នាំម្តងបែបនេះ បានបង្កជាភាពលំបាកក្នុងការ​ដាក់​សម្ពាធ ទៅលើកូរ៉េខាងជើង ដើម្បីឲ្យប្រទេសកុម្មុយនិស្តមួយនេះ បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន៕