(ហាណូយ)៖ មនុស្សចំនួនបួននាក់បានបាត់បង់ជីវិតភ្លាមៗ និងបីនាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្រោយពេលដែលរថភ្លើងមួយខ្សែបានជ្រុលទៅបុករថយន្តមួយគ្រឿង នៅភាគខាងជើងនៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។

សមត្ថកិច្ចនៅតំបន់កើតហេតុបានឲ្យដឹងថា រថភ្លើងមួយខ្សែដែលបានធ្វើដំណើរចេញពីខេត្ត Ha Nam ភាគខាងជើងនៃប្រទេសវៀតណាមសំដៅទៅកាន់ទីក្រុងហាណូយ បានបុករថយន្តមួយគ្រឿង យ៉ាងពេញទំហឹង ខណៈពេលដែលរថយន្តនោះបានបើកឆ្លងកាត់ផ្លូវរថភ្លើង ហើយបានបណ្តាលមនុស្សចំនួនបួននាក់ បាត់បង់ជីវិតភ្លាមៗ និងបីនាក់រងបួសយ៉ាងដំណំ។

គួរបញ្ជាក់ថាគិតត្រឹមរយៈពេល០៩ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រទេសវៀតណាមមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១៥,៤១១ករណី ដែលបានឆក់យកជីវិតមនុស្សអស់ចំនួន ៦,៤៤០នាក់ និងបណ្តាលឲ្យ ១៣,៤៧៣នាក់ទៀតទទួលរងរបួស៕