(តូក្យូ)៖ អាជ្ញាធរជប៉ុន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មានមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង៣នាក់ ផ្សេងទៀតបានរងបួសនៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លំាងខ្លាមួយ នៅក្នុងទីក្រុង Utsunomiya នៃតំបន់ Tochigi ស្ថិតនៅភាគខាងជើងចំងាយ១០០គីឡូ ពីទីក្រុង តូក្យូ។ នេះបើយោងតាមសេចក្ដីរាយការណ៍បឋម របស់ស្ថានីយ៍ទូរទស្សន៍ជប៉ុន NHK នៅមុននេះបន្តិច នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦។

យោងតាមអាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រមាណជា ១១៖៣០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) ដោយការផ្ទុះលើកទីមួយបានកើតឡើង នៅម៉ោងជាង ១១៖៣១នាទីព្រឹក ហើយការផ្ទុះលើកទី២ បានបន្លឺសម្លេងឡើងនៅម៉ោង ១១៖ ៣២ នាទីព្រឹក ចំណែកឯការផ្ទុះលើកទីបី បានកើតឡើង១៥វិនាទីបន្ទាប់។

ដោយឡែកបើតាមសាក្សីម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ NHK ថា រូបគេបានលឺសូរសម្លេងផ្ទុះយ៉ាងខ្លំាង និងបានឃើញបុរសបីនាក់ដេកដួលទៅលើដី ព្រមទំាងធំក្លិនរំសេវផងដែរ។ តែយ៉ាងណាក៏ដោយអាជ្ញាធរនៅក្នុងតំបន់ មិនទាន់អាចបញ្ជាក់ពីមូលហេតុផ្ទុះបាននៅឡើយនោះទេ មិនទាន់ដឹងថាជាគ្រាប់បែក ឬយ៉ាងណានោះទេ៕