(ហូជីមិញ)៖ អាជ្ញាធរវៀតណាមបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កំពង់ផែមួយនៅក្នុងទីក្រុងហូជីមិញ នៅតែចាប់បានភ្លុកដំរីរាប់រយដើមដែលត្រូវបានលាក់នៅក្នុងឈើហុប ជាបន្តបន្ទាប់ទៀត។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។

នៅពេលដែលកាត់ឈើហុបជាពីរកំណាត់ នៅឯកំពង់ផែ Cat Lai ក្នុងសង្កាត់លេខ២ ដើម្បីត្រួតពិនិត្យ មន្រ្តីគយនៃប្រទេសវៀតណាម​បានរកឃើញភ្លុកដំរី និងស្បែកសត្វពង្រូលជាច្រើន ត្រូវបានគេបង្កប់​នៅជាប់នឹងឈើទាំង​អស់នោះ ដែលរបស់ទាំងអស់នេះ ត្រូវបានគេដឹកនាំចូលយកមកពីទ្វីបអាហ្រ្វិក និងមានតម្លៃរាប់លានដុល្លារឯណោះ។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះមន្រ្តីគយវៀតណាមក៏បានរកឃើញ ភ្លុកដំរីអាហ្វ្រិកទម្ងន់ជាងពីរតោន ដែលមានតម្លៃរហូតដល់ទៅរាប់សិបលានដុល្លារអាមេរិក នៅក្នុងឈើហុប​ផងដែរ ហើយមកដល់ពេលនេះសមត្ថកិច្ចនៃប្រទេសវៀតណាម មិនទាន់បានវែកមុខរកឃើញពួកឈ្មួញងងឹត ដែលលួចនាំចូលភ្លុកដំរីទាំងអស់នេះនៅឡើយទេ ដោយសារតែឈ្មោះ​ក្រុមហ៊ុន​ដែលជាអ្នកនាំចូលមកនោះ គឺក្លែងក្លាយ៕