(វ៉ាស៊ីតោន)៖ ការស្ទង់មតិបោះឆ្នោតនៅសប្តាហ៍នេះបានបង្ហាញឲ្យឃើញថា ប្រជាជនអាមេរិក ៦៣ភាគរយបានជឿជាក់ថាលោក ដូណាល់ ត្រាំ ធ្លាប់បានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទ កាលពីអតីតកាលទោះបីជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋរូបនេះបានបដិសេធ ការចោទប្រកាន់នេះយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។

ការស្ទង់មតិដែលត្រូវបានធ្វើឡើងចុងក្រោយគេនេះ ក៏រួមមានទាំងកម្រងសំនួរដែលចោទសួរ ពលរដ្ឋអាមេរិកអំពីមតិនៃការយល់ឃើញរបស់ពួកគេ ចំពោះចរិយាមាយាទរបស់លោក ដូណាល់ ត្រាំ ពេលនៅក្បែរស្ត្រីភេទផងដែរ ហើយលទ្ធផលចេញមកបានឲ្យដឹងថាប្រជាជនអាមេរិក ៦៣ភាគរយ ដោយរួមបញ្ចូលទាំង ៣៤ភាគរយនៃអ្នកដែលបានបោះឆ្នោតគាំទ្រលោក ត្រាំ បានយល់ស្រប នឹងប្រយោគដែលថា «ខ្ញុំជឿជាក់ថាលោក ដូណាល់ ត្រាំ ធ្លាប់បានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទ កាលពីអតីតកាល»។

យ៉ាងណាមិញ ទោះបីជាអ្នកចូលរួមក្នុងការស្ទាបស្ទង់មតិនេះបានគិតថា លោក ដូណាល់ ត្រាំ ធ្លាប់បានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទក៏ដោយ ពួកគេនៅតែបន្តគាំទ្រលោកជានិច្ចដោយបាន បញ្ជាក់ថាអ្វីៗដែលមហាសេដ្ឋីអចលនទ្រព្យរូបនេះ ធ្លាប់បានប្រព្រឹត្តជាមួយនឹងស្រ្តីកាលពីអតីតកាល វាមិនមានសារៈសំខាន់ដូចទៅនឹងអ្វីដែលលោក នឹងធ្វើក្នុងនាមជាប្រធានាធិបតីអាមេរិកនោះឡើយ។

គួរបញ្ជាក់ដែរថា យោងតាមលទ្ធផលនៃការស្ទង់មតិកាលពីថ្ងៃទី១៤ដល់ថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងទៀតថា អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតីបាននាំមុខ គូប្រជែងរបស់លោកស្រី គឺលោក ដូណាល់ ត្រាំ ចំនួន៤ពិន្ទុ គឺ៤៤ទល់នឹង៤០ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា កំពុងតែខិតជិតចូលមកដល់យ៉ាងឆាប់រហ័សបំផុត៕