(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Long និងភរិយានៅថ្ងៃសុក្រនេះ បានធ្វើដំណើរទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត​នៅមហារាជដំណាក់ នៃព្រះបរមរាជវាំងទីក្រុងបាងកកប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ​នៅល្ងាចថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

យោងតាមក្រសួងការបរទេសសិង្ហបុរី លោក Lee បានដាក់កម្រងផ្កាដល់ព្រះបរមកោដ្ឋនៃទ្រង់ ភូមិបុល អាឌុលយ៉ាដេត នៅក្នុងសាលមហារាជតំណាក់ ដែលទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៨៨ ព្រះវស្សា កាលពីថ្ងៃទី១៣ ខែតុលា។ ដោយឡែកខុទ្ទកាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានឱ្យដឹងថា លោក Lee មិនអាច ជួបជាមួយនាយករដ្ឋមន្រ្តីថៃ លោក បា្រយុទ្ធ ច័ន្ទអូចា ឡើយដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់។

គួរបញ្ជាក់ថាបន្ទាប់ពីការចូលទិវង្គត់របស់ ព្រះមហាក្សត្រថៃ លោក Lee បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនថា ទ្រង់ ភូមិបុល អាឌុលយ៉ាដេត បានទទួលការគោរពស្រឡាញ់យ៉ាង​ជ្រាលជ្រៅ​ពីប្រជា​ជនថៃ ព្រោះទ្រង់បានលះបង់ព្រះកាយ ដើម្បីប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៃប្រជាជនរបស់ទ្រង់៕