(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃសុក្រនេះ បានប្រារព្ធខួបអនុស្សវរីយ៍លើកទី៨០ នៃជ័យជម្នះ Long March នៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ក្រោមការចូលរួមដោយផ្ទាល់ពី សំណាក់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងពិធីជួបជុំមន្ត្រីរដ្ឋាភិបាលចិនកំពូលៗលោក ស៊ី បានលើកឡើងដូច្នេះថា «ដើម្បីកសាងប្រទេស មួយឲ្យខ្លាំងក្លាបាននោះ តម្រូវឲ្យយើងខិតខំប្រឹងប្រែង ក្នុងការកសាងយោធាដ៏រឹងមំា និងខ្លាំងក្លាផងដែរ ហើយមានតែភាពខ្លាំងក្លារបស់យោធាតែមួយគត់ ទើបអាចឲ្យប្រទេសមានសន្តិសុខបាន។ នាយទាហាន ជាមួយនឹងដួងព្រលឹង, សមត្ថភាពដ៏អង់អាច, សេចក្តីក្លាហានជាមួយនឹងជំនឿចិត្តដ៏មុតមាំ, ការគោរពវិន័យ និងការប្តេជ្ញាចិត្ត គឺសក្តិសមជាទាហាន ជំនាន់ថ្មីរបស់ប្រទេសចិន»

គួរបញ្ជាក់ថា Long March គឺជាទិវាជ័យជម្នះនៃប្រតិបត្តិការយោធា របស់កងទ័ពក្រហមបក្សកុម្មុយនិស្ដចិន (ឆ្នាំ១៩៣៤-១៩៣៥) ដោយបានយកឈ្នះ និងវាយបណ្ដេញកងទ័ពលោក Chiang Kai-shek នៃគណបក្ស Kuomintang ដែលរត់ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់។ ទោះបីជាទទួលបានជោគជ័យ ៨០ឆ្នាំ មកហើយក្តី ក៏ដោយក៏មេដឹកនាំចិនខាងលើបានអះអាងថា ទិវានេះមិនទាន់បញ្ចប់នោះឡើយហើយចិននឹងបន្តទិវា Long March ទៅមុខដើម្បីទទួលបាននូវជ័យជម្នះថ្មីៗទៀត៕