(ហូជីមិញ)៖ បន្ទាប់ពីការរងគ្រោះដោយភាពរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងបានទទួលជំនួយពីអង្គការអន្តរជាតិនោះ មជ្ឈមណ្ឌលទប់ស្កាត់គ្រោះទឹកជំនន់បានឲ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹង សាងសង់អាងស្តុកទឹកចំនួន ១០៣កន្លែងនៅក្នុងទីក្រុងហូជីញ ដើម្បីកាពារគ្រោះទឹកជំនន់ដោយនឹងប្រើប្រាស់ទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

នៅពេលឆាប់ៗខាងមុខទីក្រុងហូជីមិញ នឹងសាងសង់អាងស្តុកទឹកក្រោមដី Bau Cat ដែលមានទំហំ ១០,០០០ ម៉ែត្រក្រឡានៅក្នុងសង្កាត់ Tan Binh, អាងស្តុកទឹក Khanh Hoi Reservoir នៅសង្កាត់លេខ៤, និងអាងស្តុកទឹក Go Dua នៅក្នុងសង្កាត់ Thu Duc។ បន្ថែមពីនេះទៀតប្រទេសវៀតណាម ក៏គ្រោងនឹងកសាងអាស្តុកទឹកមួយចំនួនទៀត នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលទទួលរងផលប៉ះពាល់គួរឲ្យកត់សម្គាល់ផងដែរ នៅពេលមានភ្លៀងធ្លាក់ខ្លាំងជោគជាំម្តងៗ។

គួរបញ្ជាក់ដែរថា គ្រោះទឹកជំនន់នៅក្នុងប្រទេសវៀតណាមនៅដើមសប្តាហ៍នេះទើបតែបានផ្តាច់យក ជីវិតមនុស្សចំនួន៣៥នាក់ និងបានបង្កការខូចខាតដល់ផលដំណាំជាច្រើន ហិកតាព្រមទាំង ខាតបង់ថវិកាជាតិ ក្នុងមួយឆ្នាំៗជាង ១ពាន់លានដុល្លារថែមទៀតផងដែរ៕