(ស៊េអូល)៖ ប្រទេសកូរ៉េខាងជើង អាចនឹងព្យាយាមធ្វើការបាញ់សាកល្បងមីស៊ីលផ្លោង Musudan ដែលមានរយៈ​ចម្ងាយ​មធ្យមចំ​នួនប្រាំ​លើកបន្ថែមទៀត បន្ទាប់ពីបានជួបតែភាពបរាជ័យ​កាលពីពេល​ថ្មីៗ​នេះ អស់ចំនួនពីរលើករួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង​យុនហ៉ាប់ នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

តាមសម្តីរបស់លោក Markus Schiller ដែលជាវិស្វករជំនាញនៅក្រុមហ៊ុន ST Analytics ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក RFA ដកស្រង់ថា ការបាញ់​សាកល្បងមីស៊ីលផ្លោង Musudan នៅថ្ងៃពុធម្សិលមិញ និងកាលពីថ្ងៃសៅរ៍សប្តាហ៍នោះ គឺទំនងជាត្រូវបានធ្វើឡើងក្នុងគោលបំណង​ធ្វើការកែតម្រូវ​ម៉ាស៊ីនសម្រាប់​បាញ់មីស៊ីលនោះ។ ទន្ទឹមគ្នានេះដែរ លោក Schiller បានលើកឡើងថា «ប្រទេសកូរ៉េខាងជើង នឹងប្រឈមជាមួយការបរាជ័យជាច្រើនថែមទៀតហើយនឹងធ្វើការព្យាយាម យ៉ាងហោចណាស់ពី០៥ ទៅ១០ដងទៀតផងដែរដើម្បីធ្វើតេស្តមីស៊ីលផ្លោង»

គួរបញ្ជាក់ថាការបាញ់សាកល្បងនៅថ្ងៃពុធ គឺជាមីស៊ីលផ្លោងទី០៨ហើយ ដែលត្រូវបានបាញ់ចេញពី ប្រទេសកូរ៉េខាងជើងដោយក្នុងចំណោមមីស៊ីលទាំង ០៨គ្រាប់មានមួយគ្រាប់​ដែលបានបាញ់កាលពីថ្ងៃទី២២ ខែមិថុនា បានហោះក្នុងចម្ងាយ៤០០គីឡូម៉ែត្រ និងឡើងដល់កម្ពស់១,៤០០គីឡូម៉ែត្រ ចំណែកឯមីស៊ីល ដ៏ទៃៗទៀតបានផ្ទុះភ្លាមៗបន្ទាប់ពីត្រូវបានបាញ់បង្ហោះឡើង។ ប្រការនេះបានបង្ហាញឲ្យឃើញថា ទីក្រុងព្យុងយ៉ាងមិនទាន់មានសមត្ថភាពពេញលេញពាក់ព័ន្ធនឹងបច្ចេកវិទ្យាមីស៊ីលនៅឡើយទេ។

គួរជំរាបដែរថាមីស៊ីលផ្លោង Mudusan ដែលអាចបាញ់ចេញពីជើងទម្រចល័តបាននោះ ត្រូវគេប៉ាន់ប្រមាណថាមានរយៈចម្ងាយដល់ទៅ៣,០០០គីឡូម៉ែត្រ ហើយបើយោងទៅតាមទ្រឹស្តីបច្ចេកទេស វាមានសមត្ថភាពក្នុងការធ្វើដំណើរទៅដល់កោះហ្គាំ ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកឯណោះ៕