(វ៉ាស៊ីនតោន)៖ នយោបាយ «Byeongjin» របស់លោក គីម ជុងអ៊ុន ឬអាចបកស្រាយថាការអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរ និងសេដ្ឋកិច្ចក្នុងពេលតែមួយនោះ ត្រូវបានអ្នកជំនាញខាងវិភាគមួយរូបរបស់រុស្ស៊ីលើកឡើងថា កំពុងតែដំណើរការទៅមុខដោយរលូន ដោយមិនបានទទួលរងផលប៉ះពាល់អ្វីឡើយបើទោះបីជាអន្តរជាតិ បានព្យាយាមដាក់ទណ្ឌកម្មមកលើទីក្រុងព្យុងយ៉ាង ជាច្រើនមកហើយក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

លោក Georgy Toloraya នាយកកម្មវិធីសិក្សាពីកម្មវិធីកូរ៉េនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងវិទ្យាសាស្ត្ររុស្ស៊ី បានបង្ហោះអត្ថបទវិភាគមួយនៅក្នុងគេហទំព័រ 38 North ដែលជាគេហទំព័រប្រមូលផ្តុំដោយរឿងរ៉ាវពាក់ព័ន្ធ នឹងបញ្ហាកូរ៉េខាងជើងដូច្នេះថា «ទោះបីជាបាននិងកំពុងទទួលរងទណ្ឌកម្មមួយទសវត្សរ៍ និងការគាបសង្កត់ពី អន្តរជាតិគ្រប់ជំហានក៏ដោយក៏ប្រទេសកូរ៉េខាងជើង នៅតែសម្រេចបានជោគជ័យដ៏គួរឲ្យកត់សម្គាល់ ជុំវិញការបង្កើនសមត្ថភាពកម្មវិធីនុយក្លេអ៊ែរ ខណៈពេលដែលសេដ្ឋកិច្ចប្រទេសដ៏ឯកោមួយនេះ ក៏បាននិងកំពុងអភិវឌ្ឍទៅយ៉ាងរលូនថែមទៀត»។

សម្រាប់ប្រាក់ចំណូលក្នុងស្រុកជាមធ្យមរបស់ប្រជាជនកូរ៉េខាងជើងម្នាក់ៗ បានកើនឡើងវិញរហូតដល់ទៅ ១,០០០ដុល្លារឯណោះ ដែលអត្រា(GDP) នេះមិនធ្លាប់កើតមាននោះទេចាប់តាំងពីកូរ៉េខាងជើង ទទួលរងវិបត្តិសេដ្ឋកិច្ចនាអំឡុងទសវត្សរ៍ ១៩៨០មកដល់បច្ចុប្បន្ន។ តាមការតាមដានរឿងរ៉ាវផ្ទៃក្នុងរបស់ កូរ៉េខាងជើង ប្រជាជនដែលមានជីវភាពលំដាប់មធ្យមសម័យនេះ មានស្ថានភាពរស់នៅប្រសើរជាងមុនឆ្ងាយ បើគេប្រៀបធៀបទៅនឹងសម័យកាលទសវត្សរ៍១៩៨០ ហើយដោយឡែកសម្រាប់ផលិតជាតិសរុប (GNP) ក៏បានកើនឡើងពីចន្លោះ ២ទៅ៣ភាគរយផងដែរ។

សរុបសេចក្តីមកអ្នកជំនាញរុស្ស៊ីខាងលើនេះបានវាយតម្លៃថា នយោបាយ «Byeongjin» របស់លោក គីម ជុងអ៊ុន បានដំណើរទៅមុខយ៉ាងល្អខុសពីនយោបាយចាស់ «songun» ដែលបានផ្តល់អំណាចខ្លាំងដល់ ការអភិវឌ្ឍវិស័យយោធា និងបានបង្កើតឡើងដោយអតីតរបបដឹកនាំលោក គីម ជុងអ៊ីល ត្រូវជាឪពុក។ នយោបាយលោក គីម ជុងអ៊ុន ត្រូវបានគេជឿជាក់ថាបានបង្កើនមិត្តភាពខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ហើយការនាំចេញទំនិញរបស់កូរ៉េខាងជើង ទៅបណ្តាប្រទេសជាដៃគូក៏បានកើនឡើងជាលំដាប់ផងដែរ៕