(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីខាងគណបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងទទួលស្គាល់ លទ្ធផលបោះឆ្នោតទំាងស្រុង បើសិនជាលោកឈ្នះឆ្នោត ហើយដែលការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅបន្ទាប់ពីលោកផ្ទាល់ បានបដិសេធមិនឆ្លើយទៅនឹងសំណួរ របស់អ្នកសម្របសម្រួលនៅក្នុងវេទិកាតស៊ូមតិលើកចុងក្រោយ កាលពីថ្ងៃពុធដែលបានសួរថា តើលោកនឹង ទទួលស្គាល់លទ្ធផលបោះឆ្នោតឬទេ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

ថ្លែងទៅកាន់អ្នកគំាទ្រនៅក្នុងពិធីជួបជុំមួយ នៅឯទីក្រុង Delaware នៃរដ្ឋ Ohio សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំសូមសន្យាចំពោះ អ្នកបោះឆ្នោតឱ្យខ្ញុំ និងអ្នកគាំទ្រ រួមទាំងប្រជាជនអាមេរិកទាំងមូលថា ខ្ញុំនឹងទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាប្រវត្តិសាស្ត្រនេះ បើសិនជាខ្ញុំឈ្នះឆ្នោត ហើយម្យ៉ាងវិញទៀតខ្ញុំនឹងទទួលយក លទ្ធផលបោះឆ្នោត បើសិនជាវាច្បាស់លាស់ ក៏ប៉ុន្តែខ្ញុំនឹងរក្សាសិទ្ធិជំទាស់ ឬដាក់ពាក្យ បណ្ដឹងដោយស្របច្បាប់ក្នុងករណី មានការសង្ស័យលើលទ្ធផលបោះឆ្នោត»

សូមជំរាបថា បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទ និងការប្រើពាក្យសម្ដីមិនសមរម្យលើស្រ្តី បានធ្វើឱ្យប៉ះពាល់មិនតិចនោះទេ ដល់ប្រជាប្រិយភាពរបស់លោកត្រាំ ជាក់ស្ដែងបើតាមការស្ទង់មតិថ្មីនេះ អ្នកបោះឆ្នោតជាស្រ្តីជាង ៦១% គាំទ្រលោកស្រីគ្លីតុន និង ២៨% ថានឹងបោះឆ្នោតឱ្យលោកត្រាំ៕