(តេហេរ៉ង់)៖ រឿងរ៉ាវទាក់ទងនឹងនាវាចម្បាំងអាមេរិកនៅក្នុងដែនសមុទ្រក្រហម ដែលបានទទួលរងការវាយប្រហារនោះ បានរីករាលដាលជាព័ត៌មានយ៉ាងឆាប់រហ័សស្តីពីអ្នកដែលជាប់ពាក់ព័ន្ធ ហើយឆ្លើយតបចំពោះព័ត៌មានទាំងនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញមុខទាត់ចោលព័ត៌មានដែលថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការបាញ់គ្រាប់មីស៊ីលខាងលើនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Qasemi បានធ្វើការឆ្លើយតបខាងលើនេះ ទៅនឹងការលើកឡើងពីសំណាក់មន្ត្រីយោធាអាមេរិកម្នាក់ ដែលបានលើកឡើងថាប្រទេសអ៊ីរ៉ង់ប្រហែលជា មានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយគ្រាប់មីស៊ីល ប្រឆាំងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានចល័តនៅក្នុងដែនសមុទ្រក្រហមក្បែរប្រទេសយ៉េមែន។

លោក Qasemi បញ្ជាក់ដូច្នេះថា «រឿងមិនទាន់ប្រាកដ, ការសង្ស័យ, និង ការអះអាងបែបប្រឌិត ដោយគ្មានមូលដ្ឋាននោះជាការយល់ច្រឡំរបស់អាមេរិកតែឯង។ រដ្ឋាភិបាលអាមេរិកគួរ​តែ​ប្រយ័ត្នខ្លួន ចំពោះក្រុមដែលព្យាយាមពន្លិចខ្លួនឯង ទៅក្នុងសង្គ្រាមដ៏ឃោឃៅប្រឆាំងនឹងប្រជាជនយ៉េមែន និងការព្យាយាមបង្កភាពតានតឹងនៅប្រទេសនេះថែមទៀត»

គួរបញ្ជាក់ថានៅថ្ងៃពុធ មេបញ្ជាការយោធាមួយរូបរបស់អាមេរិក លោក Joseph Votel បានថ្លែងថា ប្រទេសអ៊ីរ៉ង់ប្រហែលជាស្ថិតនៅពីក្រោយការវាយប្រហារកាលពីពេលថ្មីៗនេះ ទៅលើនាវាចម្បាំងរបស់​សហរដ្ឋអាមេរិក ដែលកន្លងមកអាមេរិកបានចោទប្រកាន់ទៅលើពួកឧទ្ទាម Houthi Shiite នៅប្រទេសយ៉េមែន ដែលកំពុងតែហែកហួរដោយសង្គ្រាម៕