(ហ្សាកាតា)៖ ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងបានបង្ខំចិត្តបាញ់សម្លាប់បុរសម្នាក់ ដែលបានបើកការវាយប្រហារទៅលើប៉ុស្ដិ៍​ប៉ូលិសមួយកន្លែងក្នុងទីក្រុង Tangerang​ នៃខេត្ត Banten​ ដោយប្រើប្រាស់កាំបិត និងគ្រាប់បែកផ្សែង បានបណ្ដាលឱ្យប៉ូលិស៥នាក់ រងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាកងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ ២០១៦។

អ្នកនាំពាក្យមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី លោក Awi Setiyono បាននិយាយថា ជនសង្ស័យឈ្មោះថា Sultan Azianzah មានអាយុ២២ឆ្នាំ បានវាយប្រហារទៅលើមន្ត្រីប៉ូលិសទាំង ០៥នាក់ខាង​លើក្នុងនោះមាន មេបញ្ជាកការប៉ូលិសទីក្រុង Tangerang ម្នាក់ដែលកំពុងសួរចម្លើយរូបគេ។ ដោយឡែកបើតាមសារព័ត៌មាន នៅក្នុងតំបន់ ការវាយប្រហារនេះធ្វើឡើង​នៅបន្ទាប់ពីប៉ូលិស​បានរកឃើញ​វត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងក្រុម ISIS​ ​នៅក្នុងស្នងការប៉ូលិសមួយកន្លែងនៃទីក្រុង Tangerang ។

គួរបញ្ជាក់ថា បើតាមលោក Awi Setiyono ជនសង្ស័យឈ្មោះ Sultan Azianzah ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ។ Azianzah ត្រូវបានប៉ូលិសង្ស័យថា ពិតជាបណ្តាញរបស់ពួក ISIS យ៉ាងពិតប្រាកដក៏ព្រោះតែរូបគេម្នាក់នេះ បានយកស្លាកសញ្ញាសម្គាល់របស់ក្រុមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី នេះមកដាក់តាំងបង្ហាញនៅក្បែរស្ថានីយ៍ប៉ូលិសខាងលើ៕