(វ៉ាស៊ីនតោន)៖ នៅក្នុងវេទិកាតស៊ូមតិលើកចុងក្រោយ លោកស្រី ហ៊ីលឡារី គ្លីនតុន បានចោទលោក ដូណាល់ ត្រាំ ថាជាបេក្ខភាពប្រធានាធិបតី ដែលមានភាពគ្រោះថ្នាក់បំផុត នៅក្នុងសម័យកាលនេះ និងជា «អាយ៉ង» របស់ប្រទេសរុស្ស៊ីថែមទៀតផង។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។

បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រើពាក្យសម្តីរបស់គូប្រជែងរបស់លោកស្រី គ្លីនតុន គឺលោក Bernie Sanders និងប្រធានរៀបចំយុទ្ធនាការឃោសានាបោះឆ្នោត លោក John Podesta មកវាយប្រហារលើលោកស្រី បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានឆ្លើយតបទៅវិញថា «លោកស្រីយល់ស្របតាមពាក្យដែលថា លោក ដូណាល់ ត្រាំ គឺជាបុគ្គលដ៏គ្រោះថ្នាក់បំផុត សម្រាប់តំណែងជាប្រធានាធិបតីអាមេរិក នៅក្នុងសម័យកាលថ្មីនេះ»។

ជាមួយគ្នានេះដែរ លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏បានព្រមានដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មានបំណងចង់ឲ្យលោក ត្រាំ ធ្វើជាប្រធានាធិបតី ដើម្បីនឹងក្លាយជា «អាយ៉ង» របស់ប្រទេសរុស្ស៊ី ព្រោះថានៅពេលដែលលោកស្រី ទាមទារឲ្យលោក ដូណាល់ ត្រាំ ថ្កោលទោស ចំពោះប្រទេសរុស្ស៊ី ដែលបានវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត មកលើគណបក្ស និងយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោកស្រី នោះ លោក ត្រាំ បានបដិសេធថាគ្មានករណីដូចនេះ បានកើតមានឡើងនោះឡើយ។

លោកស្រី គ្លីនតុន បាននិយាយទៀតថា «លោក ត្រាំ លើកទឹកចិត្តឲ្យមានការធ្វើចារកម្ម ប្រឆាំងនឹងប្រជាជនអាមេរិក ហើយសុខចិត្តប្រព្រឹត្តអ្វីៗទៅតាមលោក ពូទីន បញ្ជាឲ្យធ្វើ»។

គួរបញ្ជាក់ថា នៅក្នុងវេទិកាតស៊ូមតិរវាងបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបនេះដែរ លោក ដូណាល់ ត្រាំ ក៏បានបង្កើនការជឿជាក់របស់ខ្លួនបន្ថែមទៀត ដែលថានឹងមានការបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ប៉ុន្តែលោកមិនព្រមបញ្ជាក់ថា លោកនឹងទទួលយកលទ្ធផលទោះ ឈ្នះឬក៏ចាញ់ នោះទេ៕