(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ជូនសម័យប្រជុំសភា នៅដើមខែមករា ឆ្នាំក្រោយនេះនូវសេចក្ដីព្រាង ច្បាប់មួយពាក់ព័ន្ធនឹងឆន្ទៈរបស់ព្រះចៅអធិរាជជប៉ុន Akihito ដែលមានព្រះរាជបំណងដាក់រាជ្យ ខណៈច្បាប់ ជប៉ុនសព្វថ្ងៃមិនអនុញ្ញាតឱ្យទ្រង់ដាក់រាជ្យនោះទេ ក្នុងករណីព្រះចៅអធិរាជនៅមានព្រះជន្មនៅឡើយ។ នេះបើ តាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ដែលចុះផ្សាយដោយស្ថានីយ៍ទូរទស្សន៍ NHK​ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

ថ្លែងទៅកាន់គណៈកម្មាធិការសភាជាន់ទាប លោក Yoshihide Suga បាននិយាយថាសេចក្ដីព្រាងច្បាប់របស់ រដ្ឋាភិបាលជប៉ុន គឺនឹងផ្អែកលើអនុសាសន៍ របស់ក្រុមអ្នកជំនាញពិសេសខាងរាជបល្ល័ង ដោយពួកគេនឹងជជែក ពិភាក្សាគ្នាពីលទ្ធភាពនៃការដាក់រាជ្យ ឬធ្វើយ៉ាងដូចម្ដេចដើម្បីកាត់បន្ថយរាជកិច្ចរបស់ទ្រង់។

លោក Suga​​ បានបន្ថែមថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ជូនសម័យប្រជុំសភា នៅដើមខែមករា ឆ្នាំ២០១៧ នូវសេចក្ដីព្រាង ច្បាប់មួយពាក់ព័ន្ធនឹងឆន្ទៈដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន។

សូមជំរាបថា ព្រះចៅអធិរាជជប៉ុន Akihito គឺតំណាងឱ្យភាពអមតៈនៃប្រជាជាតិជប៉ុន ដូច្នេះទើបគ្មានច្បាប់ អនុញ្ញាតឱ្យទ្រង់ដាក់រាជ្យនោះទេ បើសិនទ្រង់នៅមាន ព្រះជន្មនៅឡើយ។ ក៏ប៉ុន្តែដោយសារតែមានព្រះជន្ម ៨២ព្រះវស្សាទៅហើយនោះ ព្រះចៅអធិរាជ កាលពីខែសីហាកន្លងទៅ បានបង្ហាញពីព្រះរាជ្យបំណងដាក់រាជ្យ ក្រោមហេតុផលបញ្ហាព្រះរាជសុខភាព និង ព្រួយបារម្ភខ្លាចក្រែងមិនអាចបំពេញរាជ្យកិច្ចតទៅទៀតបាន៕