(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះបាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងអំពើហិង្សា នៅក្នុងរដ្ឋ Rakhine ដែល អាចនឹងនាំទៅរកការប្រព្រឹត្តអំពើឃោរឃៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អំពើហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine ចាប់តាំងពីកងទ័ព Arakan Army (AA) បានបើកការវាយប្រហារលើកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពី ខែវិច្ឆិកា ឆ្នាំមុនមក ដោយបិទបញ្ចប់បទឈប់បាញ់ជាមួយរបបសឹក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់ដូច្នេះថា «ការកើតឡើងអំពើហិង្សានៅក្នុងរដ្ឋ Rakhine កំពុងបង្កហានិភ័យនៃការប្រព្រឹត្តអំពើឃោរឃៅ»។ លោក Miller ក៏បានអំពាវនាវផងដែរឱ្យរបបសឹកមីយ៉ាន់ម៉ា និងតួអង្គ ប្រដាប់អាវុធទាំងអស់ការពារជនស៊ីវិល និងអនុញ្ញាតឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ដោយគ្មានការំខានអ្វីឡើយ។

គួរបញ្ជាក់ថា ជម្លោះរវាង Arakan Army (AA) ​និងយោធាមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៩ បានបង្កឱ្យមានការព្រួយបារម្ភនៅទូទាំងតំបន់ ព្រមទាំងបង្ខំឱ្យមនុស្សជាង ២០០ ០០០នាក់ រត់ភៀសខ្លួនពីជម្លោះ៕