(វ៉ាស៊ីនតោន)៖ ការស្លាប់របស់លោកប្រធានាធិបតីអ៉ីរ៉ង់ Ebrahim Raisi មានអាយុ ៦៣ឆ្នាំ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ​​ ទី១៩ ខែឧសភា បានបង្កឱ្យមាន ការចោទសួរភ្លាមៗថាតើនរណានឹងត្រូវបន្តវេនពីរូបលោកដឹកនាំរដ្ឋាភិបាល។ លោក Raisi មិនមែនត្រឹមតែធ្លាប់ត្រូវបានគេរំពឹងថាអាចនឹងកា្លយជាមេដឹកនាំកំពូលអ៉ីរ៉ង់បន្តវេនពីលោក Ayatollah Ali Khamenei មានអាយុ៨៥ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែការស្លាប់របស់លោកក៏អាចនឹងបង្កផលវិបាកដល់តំបន់មជ្ឈិបូព៌ាផងដែរ។

* តើអ្វីទៅជាភាពខុសគ្នារវាងមេដឹកនាំកំពូល និងប្រធានាធិបតី?
មេដឹកនាំកំពូល ឬគេស្គាល់ថា Velayat-e Faqih នៅក្នុងភាសារបស់សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីត គឺជាតំណែងរបស់មេដឹកនាំកំពូលបំផុតនៅក្នុងប្រទេសអ៉ីរ៉ង់ និងទទួលខុសត្រូវលើ ការសម្រេចចិត្តធំៗទាំងអស់ពាក់ព័ន្ធនឹងកិច្ចការរបស់រដ្ឋ។ មេដឹកនាំកំពូល ឬហៅម្យ៉ាងទៀតថាអគ្គមគ្គទេសក៍នេះ ដែលជាតំណែងមួយត្រូវបានបង្កើតឡើងនៅបន្ទាប់ពីបដិវត្តន៍អ៉ីស្លាម ឆ្នាំ១៩៧៩ ក៏ត្រូវបានគេចាត់ទុកថាជាប្រមុខរដ្ឋ និងអគ្គមេបញ្ជាការផងដែរ។ តំណែងជាអគ្គមគ្គទេសក៍អ៉ីរ៉ង់ គឺសម្រាប់តែមនុស្សប្រុសប៉ុណ្ណោះ ហើយបើតាមច្បាប់អ៉ីស្លាម អនុវត្តក្នុង ប្រទេសអ៉ីរ៉ង់ តំណែងនេះទៀតសោតត្រូវបានផ្ដល់ឱ្យមេដឹកនាំសាសនានិកាយស៊ីអ៉ីតជាន់ខ្ពស់ម្នាក់ដែលយ៉ាងហោចណាស់ត្រូវមានតំណែងស្មើនឹង Ayatollah ជាតំណែងមេដឹកនាំ សាសនាខ្ពស់បំផុតមួយក្នុងចំណោមមេដឹកនាំសាសនាអ៉ីស្លាមស៊ីអ៉ីតនៅអ៉ីរ៉ង់។

ព្រមពេលជាមួយគ្នា តំណែងប្រធានាធិបតីនៅក្នុងប្រទេសអ៉ីរ៉ង់វិញ គឺជាប្រមុខរដ្ឋាភិបាល និងត្រូវបានបោះឆ្នោតជ្រើសរើសរៀងរាល់៤ឆ្នាំម្ដង។ ប្រធានាធិបតីមានតួនាទីដឹកនាំ និងគ្រប់គ្រងរដ្ឋាភិបាល ហើយត្រូវពឹងផ្អែកលើសាវតារ និងភាពខ្លាំងរបស់ខ្លួនឯង ដើម្បីអាចមានឥទ្ធិពលលើគោលនយោបាយ និងសេដ្ឋកិច្ច។

* តើនរណានឹងត្រូវឡើងកាន់តំណែងជំនួសលោក Raisi?
តាមច្បាប់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី។ តែត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចគ្រប់រឿងនៅអ៉ីរ៉ង់។ ចំណែក ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវរៀបចំឡើងមិនឱ្យ លើស៥០ថ្ងៃនោះទេ។ អនុប្រធានាធិបតីទី១ របស់អ៉ីរ៉ង់ សព្វថ្ងៃ គឺលោក Mohammad Mokhber។ ប៉ុន្តែជាការបន្ធូរបន្ថយការព្រួយបារម្ភជុំវិញស្ថិរភាពរដ្ឋាភិបាល លោក Khamenei បាននិយាយពីអវត្តមានរបស់លោក Raisi កាលពីល្ងាច ថ្ងៃអាទិត្យ និងនៅមុនពេលការទទួលស្គាល់ការស្លាប់របស់លោកប្រធានាធិបតីរូបនេះ ដោយបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់នឹងដឹកនាំប្រទេសដោយមិនមានការរំខាន ឬរអាក់អួលអ្វីនោះទេ។

នៅថ្ងៃចន្ទ ទី២០ ខែឧសភា លោក Ayatollah Ali Khamenei យល់ព្រមឱ្យលោក Mohammad Mokhber កាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន ព្រមទាំងប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៥ថ្ងៃ។

* តើការស្លាប់របស់លោក Raisi ជះឥទ្ធិពលអ្វីខ្លះដល់អ៉ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា?
សំណួរដ៏សំខាន់មួយដែលត្រូវបានចោទសួរពីសា្លប់របស់លោក Raisi នោះគឺថាតើការស្លាប់របស់លោកនឹងបង្កផលវិបាក ឬផលប៉ះពាល់យ៉ាងដូចម្ដេចដល់ការប្រជែងដណ្ដើមតំណែងជា មេដឹកនាំកំពូលអ៉ីរ៉ង់ បន្តវេនពីលោក Khamenei? នេះជាបញ្ហាដ៏សំខាន់មួយដែលក្រុមអ្នកវិភាគ រួមទាំងក្រុមមន្ត្រីអ៉ីរ៉ង់យកចិត្តទុកដាក់បំផុត ព្រោះលោក Khamenei មានវ័យកាន់តែ ចាស់ណាស់ទៅហើយ។ ការស្លាប់របស់លោក Raisi ក៏បង្កផលវិបាកដល់ទំនាក់ទំនងរបស់អ៉ីរ៉ងជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់ដែរ ខណៈឆ្មាំបដិវត្តន៍អ៉ីរ៉ង់នឹងប្រឹងប្រែងធ្វើឱ្យប្រាកដ ថាគ្មានសត្រូវអ៉ីរ៉ង់ណាមួយអាចឆ្លៀតឱកាសបង្កភាពវឹកវរនៅក្នុងប្រទេសបាននោះទេ។ លោក Raisi ជាមនុស្សម្នាក់ដែលត្រួតពិនិត្យ និងដឹកនាំសម័យកាលនៃទំនាក់ទំនងល្អនាពេល បច្ចុប្បន្នជាមួយបណ្ដាប្រទេសអារ៉ាប់ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ដូច្នេះខណៈអ៉ីរ៉ង់ទំនងជាត្រូវបន្តគោលនយោបាយផ្ដោតលើទំនាក់ទំនងល្អនេះ មេដឹកនាំអ៉ីរ៉ង់ថ្មីណាម្នាក់ អាចនឹងមានអាទិភាពផ្សេងពីលោក Raisi ក៏ថាបាន។

* តើនរណាទទួលបានផលពីការស្លាប់របស់លោក Raisi?
ដោយសារមានប្រព័ន្ធនយោបាយស្មុគស្មាញពិបាកនឹងយល់ វាស្ទើរតែមិនមានចន្លោះទំនេរដើម្បីជជែក ឬពិភាក្សាដោយបើកចំហពីមនុស្សដែលត្រូវស្នងតំណែងបន្តពីលោក Khamenei បាននោះឡើយ។ ក្រុមអ្នកវិភាគ និងមន្ត្រីអ៉ីរ៉ង់ធ្លាប់បានប្រមើលឃើញថាក្រៅពីលោក Raisi នៅមានកូនប្រុសរបស់លោក Khamenei ម្នាក់ឈ្មោះ Mojtaba ដែលជាបេក្ខជនដ៏មាន សក្ដានុពលម្នាក់សម្រាប់តំណែងជាមេដឹកនាំកំពូលអ៉ីរ៉ង់។ ម្លោះហើយការស្លាប់របស់លោក Raisi មានន័យថាលោក Mojtaba សម្លឹងឃើញកាន់តែច្បាស់ពីឱកាសអង្គុយតំណែងជា មេដឹកនាំកំពូល។

តែយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់លោក Mojtaba គឺជាបញ្ហាចោទមួយ ពីព្រោះលោកមិនដែលកាន់តំណែងណាមួយក្នុងជួររដ្ឋាភិបាល ហើយក៏មិនសូវបង្ហាញខ្លួនជា សាធារណៈញឹកញាប់នោះដែរ។ មេដឹកនាំកំពូលត្រូវតែប្រមូលឱ្យបានការគំាទ្រយ៉ាងពិតប្រាកដពីប្រជាជនអ៉ីរ៉ង់ ដែលគាំទ្រប្រព័ន្ធសាសនាសព្វថ្ងៃអ៉ីរ៉ង់ ប្រសិនបើចង់បានភាពស្រប ច្បាប់ក្នុងនាមជាមេដឹកនាំកំពូល៕