(បរទេស)៖ សហគមន៍អន្តរជាតិ រួមមានទាំងប៉ាគីស្ថាន ឥណ្ឌា ម៉ាឡេស៉ី ស៉ីរី តួកគី ចិន រុស្ស៉ី ព្រមទាំងសហភាពអឺរ៉ុប ជាដើម បាននាំគ្នា សម្តែងការចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ដែលបានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលដំណឹងមរណភាពលោក Raisi នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានប្រកាសឱ្យប្រទេសរបស់លោក កាន់ទុក្ខរយៈពេល១ថ្ងៃ ខណៈមេដឹកនាំប្រទេសដទៃទៀត បានចូលរួមសម្តែងទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅ។ បន្ថែមពីនេះ ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុម Hezbollah លីបង់ ដែលគេដឹងថាសុទ្ធតែជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ក៏បានចេញមុខបង្ហាញភាពសោកសៅ និងការសោកស្តាយ ចំពោះការបាត់បង់លោក Raisi ផងដែរ។

គួរបញ្ជាក់ថា លោក Raisi និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានទទួលមរណភាព បន្ទាប់ពីឧទ្ធម្ភាគចក្រ ដែលអ្នកទាំងពីរជិះធ្វើដំណើររួមគ្នា បានធ្លាក់នៅពេលហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយ ដែលស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយ អាស៊ែបៃហ្សង់។ លោក Raisi និងលោក Amir-Abdollahian បានឡើងកាន់តំណែងជាប្រធានាធិបតី និងជារដ្ឋមន្រ្តីការបរទេស កាលពីឆ្នាំ២០២១។

តាមច្បាប់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី តែត្រូវឆ្លងកាត់ការយល់ព្រម ពីមេដឹកនាំ កំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចគ្រប់រឿង នៅសាធារណរដ្ឋអ៉ីស្លាមមួយនេះ។ ចំណែក ការបោះឆ្នោតសកលថ្មីមួយ នឹងត្រូវរៀបចំឡើងមិនឱ្យលើស៥០ថ្ងៃនោះទេ។ អនុប្រធានាធិបតីទី១របស់អ៉ីរ៉ង់សព្វថ្ងៃ គឺលោក Mohammad Mokhber៕