(កាប៊ុល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះថាទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោច ៥០នាក់ នៅភាគខាងលិចនៃប្រទេស តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមនុស្សជាង ៣១៥នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអ្នកពាក្យប៉ូលិសអាហ្វហ្កានីស្ថានប្រចាំខេត្ត Ghor លោក Abdul Rahman Badri ទឹកជំនន់កាលពីថ្ងៃសុក្រម្សិលមិញក៏បានបំផ្លាញផ្ទះជាង ២០០០ខ្នងផងដែរ ហើយ ផ្ទះរាប់ពាន់ខ្នង និងហាងទំនិញមួយចំនួនទៀតរងការខូចខាត។ លោកបន្ថែមថា «មនុស្ស ៥០នាក់នៅក្នុងខេត្ត Ghor បានស្លាប់ក្នុងគ្រោះទឹកជំនន់កាលពីថ្ងៃសុក្រ ខណៈ ជាច្រើននាក់ទៀតបានបាត់ខ្លួន»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញភូមជាច្រើននៅភាគខាងជើងនៃប្រទេសអាហ្វហ្កានីស្ថាន ដោយសម្លាប់មនុស្ស ៣១៥នាក់ និងច្រើនជាង ១៦០០នាក់រងរបួស៕