(ហ្គាហ្សា)៖ កងកម្លាំងអ៊ីស្រាអែល បានប្រឈមមុខគ្នាជាមួយនឹង ក្រុមយុទ្ធជនហាម៉ាស់នៅទីក្រុង Jabalia ស្ថិតភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាបំផុតមួយ ចាប់តាំងពីការវិលត្រលប់របស់អ៊ីស្រាអែលមកកាន់តំបន់នេះម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ត្រូវបានគេរាយការណ៍ថា បានបើកការវាយប្រហារលើរថក្រោះអ៊ីស្រាអែល ដែលប្រមូលផ្តុំនៅជុំវិញទីក្រុង Rafah ភាគខាងត្បូង។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា រថពាសដែករបស់អ៊ីស្រាអែល បានកំពុងធ្វើដំណើរចូលទៅក្នុងបេះដូងនៃទីក្រុង Jabalia ដែលជាជំរុំជនភៀសខ្លួនដ៏ធំបំផុតនៅហ្គាហ្សា ជាមួយនឹងគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះ និងហាងនានានៅតាមផ្លូវរបស់ពួកគេ។

ចំពេលមានអំពើហឹង្សាដែលកំពុងបន្ត យោធាអាមេរិកបានបញ្ជាក់ពីការមកដល់ នៃរថយន្តដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ខណៈដែលអ្នកស្រុកបានសម្តែងការខកចិត្ត ចំពោះការបំផ្លិចបំផ្លាញតំបន់លំនៅដ្ឋាន បើទោះបីជាមានការប្រឹងប្រែងផ្តល់ជំនួយក៏ដោយ។

គួរជម្រាបថា ការវិលត្រឡប់របស់អ៊ីស្រាអែលទៅកាន់ក្រុង Jabalia ដែលខ្លួនអះអាងថា បានបោសសម្អាតជាច្រើនខែកន្លងមក គឺក្នុងគោលបំណងរារាំងក្រុមហាម៉ាស់ ពីការស្តារកម្លាំងរបស់ពួកគេឡើងវិញ។ ទន្ទឹមនឹងនេះ ការវាយប្រហារលើទីក្រុង Rafah បានបង្កឱ្យមានការអំពាវនាវឱ្យមានអន្តរាគមន៍បន្ទាន់ពីតុលាការអន្តរជាតិ ពីសំណាក់ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីបញ្ឈប់ការវាយប្រហារ និងដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ នៅឯទីក្រុងឡាអេ អ៊ីស្រាអែលបានជំរុញឱ្យចៅក្រមបដិសេធសំណើនេះ ដោយលើកឡើងពីភាពស្មុគស្មាញនៃជម្លោះដែលកំពុងបន្ត និងទស្សនៈផ្សេងគ្នាអំពីរបៀបដោះស្រាយវា៕