(តៃប៉ិ)៖ នៅថ្ងៃសុក្រនេះ ក្រុមសមាជិកសភានៅកោះតៃវ៉ាន់ បានទាស់ពាក្យសម្តីព្រមទាំងប្រតាយប្រតប់គ្នា នៅក្នុងសភា ខណៈវាគឺជាជម្លោះដ៏តានតឹង ស្តីអំពីផែនការចង់ធ្វើកំណែទម្រង់ចំពោះអំណាចស្ថាប័ននីតិបញ្ញត្តិនេះ ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមេដឹកនាំជាប់ឆ្នោត លោក Lai Ching-te ត្រូវស្បថចូលកាន់តំណែង ទាំងគណបក្សរបស់លោក មិនមានសំឡេងភាគច្រើននៅក្នុងសភា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

សកម្មភាពស្រែកដាក់គ្នានិងរុញច្រានគ្នាទៅវិញទៅមក បានប្រព្រឹត្តទៅចាប់តាំងពីនៅខាងក្រៅរហូតដល់ ក្នុងសាលប្រជុំនៃសភាតៃវ៉ាន់​ផ្ទាល់។​ អំឡុងឈុតឆាក យ៉ាងចលាចល ក្រុមសមាជិកសភាតៃវ៉ាន់ បាននាំគ្នាទៅប្រមូលផ្តុំ នៅជុំវិញកៅអីប្រធានសភា ហើយបន្តការឈ្លោះប្រកែក រហូតឈានដល់ថ្នាក់វាយតប់គ្នា និងចាប់ទាញគ្នាដួលទៅលើដី។

ហេតុការណ៍ខាងលើ គឺស្របពេលដែល លោក Lai នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នាថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីទទួលជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែមករាដើមឆ្នាំនេះ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោក គឺ DPP បានបាត់បង់សំឡេងភាគច្រើនក្នុងសភា។ បក្សប្រឆាំងធំជាងគេ គឺ Kuomintang (KMT) ឈ្នះបានអាសនៈច្រើនជាងគណបក្ស DPP ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតសំឡេងភាគច្រើន ដោយខ្លួនឯងឡើយ ដូច្នេះ KMT បានចាប់ដៃ ជាមួយគណបក្សមួយទៀតគឺ TPP ដើម្បីជំរុញ​គំនិតរួមរបស់ពួកគេ។

ក្រុមប្រឆាំងមានបំណងចង់ផ្តល់អំណាចធំជាងមុនដល់សភា ក្នុងការត្រួតពិនិត្យលើរដ្ឋាភិបាល ក្នុងនោះរួមមានទាំង សំណើចម្រូងចម្រាសមួយ ដែលមានគោលដៅ ចាត់ទុកជាឧក្រិដ្ឋជន ចំពោះមន្រ្តីទាំងឡាយណា ដែលត្រូវបានរកឃើញថា ផ្តល់សេចក្តីថ្លែងការណ៍ភូតកុហក នៅក្នុងសភា។ ចំណែកបក្ស DPP បានលើកឡើងថា គណបក្ស KMT និង TPP កំពុងព្យាយាមដោយ​មិនត្រឹមត្រូវ ដើម្បីជំរុញការអនុម័តសំណើនេះ ដោយមិនឆ្លងកាត់នីតិវិធីពិគ្រោះយោបល់តាមទម្លាប់ ដែល DPP ហៅថា ជាសកម្មភាពរំលោភអំណាច ផ្ទុយពីរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា សមាជិកសភាមកពីគណបក្សនយោបាយទាំង៣ខាងលើ សុទ្ធតែបានចូលរួមពាក់ព័ន្ធ ក្នុងហេតុការណ៍នាថ្ងៃសុក្រនេះ ហើយបានទម្លាក់កំហុសដាក់គ្នា ទៅវិញទៅមក។ សកម្មភាពឈ្លោះប្រកែក និងវាយតប់គ្នាស្រដៀងគ្នា ក៏ធ្លាប់កើតមានប៉ុន្មានដងពីមុនមក រួចហើយផងដែរ នៅក្នុងសភាកោះតៃវ៉ាន់។ យ៉ាងណាមិញ ការប៉ះទង្គិចថ្មីចុងក្រោយគេនេះ គឺជាសញ្ញាបង្ហាញពីលទ្ធភាពនៃភាពជ្រួលច្របល់ និងវិវាទនៅក្នុងសភា ដែលរដ្ឋាភិបាលតៃវ៉ាន់ថ្មី ក្រោមការដឹកនាំរបស់លោក Lai Ching-te អាចនឹងត្រូវប្រឈម នាពេលខាងមុខ ក្រោយស្បថចូលកាន់តំណែង៕