(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះបាននិយាយថាលោកមានអារម្មណ៍សោកសៅជាខ្លាំង ដែលបានទទួលដំណឹង មរណភាពរបស់ជនជាតិថៃ២នាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល ហើយដែលសាកសពរបស់ពួកគេត្រូវបានរក្សាទុកដោយ ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាអ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឱ្យដឹងថាខ្លួនបានជូនដំណឹងទៅកាន់គ្រួសាររបស់បុរស ២នាក់ដែលបានស្លាប់ និងត្រូវបានបញ្ជាក់អត្តសញ្ញាណថាជា ចំណាប់ខ្មាំងជនជាតិថៃដែលដំបូងឡើយត្រូវបានគេជឿថានៅមានជីវិតនៅឡើយ ក្នុងតំបន់ហ្កាហ្សា។ បើតាម AFP ដោយផ្អែកលើតួលេខរបស់អ៉ីស្រាអែល បច្ចុប្បន្ន មានជនជាតិថៃ ៦នាក់កំពុងជាប់ឃុំជាចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X​ លោក Srettha Thavisin បានគូសបញ្ជាក់ ដូច្នេះថា «ខ្ញុំមានអារម្មណ៍សោកសៅជាខ្លាំងដែលបានទទួលដំណឹងថាចំណាប់ខ្មាំងថៃ ២នាក់ជាប់ឃុំក្នុងតំបន់ហ្កាហ្សា មានឈ្មោះថា Sonthaya Oakkharasri និង Sudthisak Rinthalak ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់ទៅហើយ»។ លោកបន្តថា «រដ្ឋាភិបាលថៃនឹងបន្តប្រឹងប្រែងដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំង (ជាជនជាតិថៃ) នៅសេសសល់»

គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល បុរសជាជនជាតិថៃទាំង២នាក់ខាងលើ គឺជាអ្នកធ្វើការក្នុងវិស័យកសិកម្មនៅតំបន់ Beeri kibbutz ជាសហគមន៍មួយស្ថិត ក្នុងចំណោមសហគមន៍រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ពីសំណាក់ក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល។ ជនជាតិថៃ ៣០ ០០០នាក់ កំពុងធ្វើការ និងរស់នៅក្នុងប្រទេសអ៉ីស្រាអែល ហើយភាគច្រើនគឺធ្វើការក្នុងវិស័យកសិកម្ម៕