(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិននឹងជួបគ្នាដោយផ្ទាល់ ជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំមកនេះ នៅចុងខែឧសភានេះ ខណៈមហាអំណាចទាំង២បានបើកបណ្ដាញទំនាក់ទំនងយោធាឡើងវិញ ក្រោយត្រូវបានកាត់ផ្ដាច់ក្នុង ពេលដែលទំនាក់ទំនងទ្វេភាគីចុះដុនដាបខ្លាំងកាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

តាមមន្ត្រីអាមេរិកខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងលោក Dong Jun ដែលទើបតែត្រូវបានតែងតាំងជា រដ្ឋមន្ត្រីការពារជាតិចិន កាលពីខែធ្នូ ឆ្នាំ២០២៣ នឹងត្រូវជួបគ្នាក្នុងវេទិកាសន្តិសុខ Shangri-La Dialogue រៀបចំឡើងក្នុងប្រទេសសិង្ហបុរីនៅចុងខែឧសភានេះ ក្រោយ ប្រមុខការពារជាតិអាមេរិក និងចិនបានបើកកិច្ចសន្ទនាតាមទូរស័ព្ទខែមេសាកន្លងទៅ។

គួរបញ្ជាក់ថា ចិនបានកាត់ផ្ដាច់ការទាក់ទងយោធាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានរដ្ឋសភាអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ធ្វើទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់កាលពីឆ្នាំ២០២២ ដោយបង្កឱ្យចិនក្ដៅស្លឹកត្រចៀក។ ប៉ុន្តែ​ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតិអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នា បើកការទាក់ទងរវាងយោធានៃប្រទេសទាំង២ឡើងវិញ អំឡុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំមុន៕