(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង (Kim Yo Jong) នៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះបានច្រានចោល ការចោទប្រកាន់ដែលថាកូរ៉េខាងជើងបានដឹកជញ្ជូនអាវុធទៅឱ្យរុស្ស៉ី ដោយចាត់ទុកថាជារឿងប្រតិដ្ឋគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងម្ដងហើយម្ដងទៀតថាបានផ្គត់ផ្គង់អាវុធឱ្យទីក្រុងមូស្គូ ជាទង្វើបំពានលើដំណោះស្រាយដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិប្រឆាំងកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។ មិនតែប៉ុណ្ណោះ សូម្បីតែក្រុមអ្នកវិភាគលោកខាងលិចក៏បានព្រមានដែរថាការបង្កើនការធ្វើតេស្ដ និងផលិតកាំភ្លើងធំ រួមទាំងមីស៊ីលគ្រូសរបស់កូរ៉េខាងជើង អាចជាការត្រៀមលក្ខណៈផ្គត់ផ្គង់សម្រាប់រុស្ស៉ីយកទៅប្រើប្រាស់នៅអ៊ុយក្រែន។

ក៏ប៉ុន្តែ ជាថ្មីម្ដងទៀត អ្នកនាង គីម យ៉ូជុង នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បាននិយាយថា ទីក្រុងព្យុងយ៉ាងគ្មានបំណងនាំចេញបច្ចេកវិទ្យាយោធារបស់ខ្លួនទៅកាន់ប្រទេសណាមួយទេ ហើយបានចោទប្រកាន់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបំភាន់សាធារណមតិ ដោយសាបព្រោះពាក្យចចាមអារ៉ាមគ្មានការពិតថាប្រព័ន្ធអាវុធផលិតដោយរបស់កូរ៉េខាងជើងគឺសម្រាប់នាំចេញទៅរុស្ស៉ី។

«អ្វីដែលសំខាន់បំផុតសម្រាប់យើង នោះគឺមិនមែនជាការផ្សព្វផ្សាយពាណិជ្ជកម្ម ឬនាំចេញអ្វីនោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈសម្រាប់សង្រ្គាម និងការកំញើញ ទប់ស្កាត់នៃកងទ័ពរបស់យើងឱ្យកាន់តែល្អឥតខ្ចោះទាំងគុណភាព និងបរិមាណ»។​ នេះជាការគូសបញ្ជាក់របស់អ្នកនាង គីម យ៉ូជុង។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានអះអាងកាលពីខែមីនាកន្លងទៅថាកូរ៉េខាងជើងបានដឹកជញ្ជូនអាវុធប្រហែលជា ៧០០០កុងតឺន័រ ទៅឱ្យរុស្ស៉ីយកទៅប្រើប្រាស់ក្នុង សង្រ្គាមប្រឆាំងអ៊ុយក្រែន នៅក្នុងការផ្ទេរអាវុធមួយដែលទីក្រុងសេអ៊ូលជឿថាបានចាប់ផ្ដើមឡើងកាលពីខែកក្កដា ឆ្នាំមុនមកម្ល៉េះ។ ដោយឡែក សហរដ្ឋអាមេរិក និងក្រុមអ្នកវិភាគលោកខាងលិចវិញជឿថាតាមរយៈការផ្គត់ផ្គង់អាវុធនេះ កូរ៉េខាងជើងចង់បានជំនួយពីរុស្ស៉ីមកវិញលើវិស័យមួយចំនួនដូចជាបច្ចេកវិទ្យាផ្កាយរណប និងការធ្វើបច្ចុប្បន្នភាពបរិក្ខារយោធាសល់ពីសម័យសូវៀត៕