(ហ្សាការតា)៖ ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្កើនកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Ibu ដល់កម្រិតខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) បន្ទាប់ពីភ្នំភ្លើងនេះបានកត់ត្រាការផ្ទុះចំនួន ៦ដងចាប់តាំងពីចុងសប្តាហ៍។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤។

ភ្នំភ្លើងនេះដែលស្ថិតនៅលើកោះដាច់ស្រយាល Halhamera បាននិងកំពុងបញ្ចេញផេះ ក្នុងកម្ពស់ជាច្រើនគីឡូម៉ែត្រទៅលើមេឃ។ ហើយអ្នកស្រុកដែលរស់នៅក្នុងរង្វង់ ៤គីឡូម៉ែតនៃភ្នំភ្លើងនេះ ត្រូវបានគេណែនាំឱ្យនៅឱ្យឆ្ងាយ និងត្រូវប្រើម៉ាស និងវ៉ែនតាដើម្បីការពារខ្លួនពីផេះទាំងនោះ។

ទោះជាយ៉ាងណា ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី មិនទាន់ធ្វើអត្ថាធិប្បាយអំពីផែនការជម្លៀសដែលអាចកើតមានឡើងនោះទេ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីសកម្មភាពផ្ទុះភ្នំភ្លើងបានកើតឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក លើតំបន់ដែលគេស្គាល់ថា "Ring of Fire" និងមានភ្នំភ្លើងសកម្មចំនួន ១២៧ភ្នំភ្លើង ។ គ្រោះមហន្តរាយនាពេលថ្មីៗនេះ រួមមានទឹកជំនន់ភ្លាមៗ និងលំហូរកម្អែរត្រជាក់ចេញពីភ្នំ Marapi នៅកោះស៊ូម៉ាត្រាភាគខាងលិច ដែលបណ្តាលឱ្យមនុស្ស ៦៧នាក់ស្លាប់ និង២០នាក់បាត់ខ្លួន។ បន្ថែលើសពីនេះទៀត ការផ្ទុះចេញពីភ្នំភ្លើង Ruang នៃភាគខាងជើងកោះ Sulawesi បាននាំឱ្យមានការជម្លៀសមនុស្សជាង ១២,០០០នាក់៕