(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី១៥ ខែឧសភា បានប្រកាសផ្អាករាល់ការធ្វើដំណើរទៅក្រៅប្រទេសរបស់លោក ខណៈកងកម្លាំងរុស្ស៉ី កំពុងបង្កើនការវាយលុកលើទីក្រុង Vovchansk នៃតំបន់ Kharkiv ស្ថិតនៅភាគឦសាននៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការដណ្ដើមបានទីក្រុង Vovchansk ដែលស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីតំបន់ព្រំដែនជាមួយរុស្ស៉ី នឹងក្លាយជាជោគជ័យដ៏ធំបំផុតមួយរបស់រុស្ស៉ី ចាប់តាំងពីកងកម្លាំងរបស់ខ្លួនបាន បើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើតំបន់ Kharkiv កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបើកសមរភូមិថ្មីមួយទៀត និងកំពុងបង្ខំឱ្យកងទ័ពអ៊ុយក្រែនប្រញាប់ប្រញាលពង្រឹង កងកម្លាំងរបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃពុធនោះដែរបាននិយាយថាកងកម្លាំងរបស់ខ្លួនបានវាយដណ្ដើមបានទីតាំង ២បន្ថែមទៀតក្នុងតំបន់ Kharkiv និងមួយទីតាំង នៅតំបន់ Zaporizhzhia ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកនៅសមរភូមិបែបនេះ លោក ហ្សេលេនស្គី បានសម្រេចចិត្តផ្អាករាល់ការធ្វើដំណើរទៅក្រៅប្រទេសទាំងអស់របស់លោក ដោយបញ្ជាក់ថាអ្វីដែល លោកត្រូវផ្តោតនៅពេលនេះ នោះគឺស្ថានការណ៍នៅលើសមរភូមិ។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ដំបូងឡើយ លោក ហ្សេលេនស្គី មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់នៅក្នុងសប្ដាហ៍នេះ៕