(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាខ្លួនប្រទះឃើញវត្តមានយន្ដហោះយោធាចិន ៤៥គ្រឿង នៅជុំវិញដែនកោះតៃវ៉ាន់ នៅថ្ងៃពុធ ទី១៥ ខែឧសភានេះ ខណៈមិនដល់មួយសប្ដាហ៍ទៀតនោះទេ លោក Lai Ching-te នឹងស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់នៅថ្ងៃទី២០ ខែឧសភា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នេះគឺជាចំនួនយន្ដហោះយោធាចិនច្រើនបំផុតមួយដែលត្រូវបានប្រទះឃើញនៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង នៅក្នុងឆ្នាំ២០២៤នេះ ហើយបើតាម ក្រសួងការពារជាតិតៃវ៉ាន់ នាវាចម្បាំងចិន ៦គ្រឿងក៏បានធ្វើប្រតិបត្តិការជុំវិញដែនកោះរបស់ខ្លួនផងដែរគិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ។ ក្រសួងបន្ថែមថា ក្នុងចំណោមយន្ដហោះយោធាទាំង៤៥គ្រឿងខាងលើ មាន ២៦គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ស្របពេលកងកម្លាំងតៃវ៉ាន់ បានប្រុងជើងការជានិច្ចដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ណាមួយ។

កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថាយន្ដហោះយោធាចិន ២៣គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង និងដ្រូន ត្រូវបាន ប្រទះឃើញនៅជុំវិញកោះតៃវ៉ាន់រយៈពេល ២ម៉ោង។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា លោក Lai Ching-te នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ជំនួសលោកស្រី Tsai Ing-wen បន្ទាប់ពីទទួល បានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករាកន្លងទៅ។ ដូចគ្នាទៅនឹងលោកស្រី Tsai លោក Lai បានច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើ តៃវ៉ាន់ ហើយទីក្រុងប៉េកាំងវិញបានចាត់ទុករូបលោកគឺជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ដែលរារាំងដល់ការបង្រួបបង្រួមជាតិរវាងចិន និងតៃវ៉ាន់៕