(ប៉ារីស)៖ វិមាន Elysee បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសបារាំងនឹងផ្តល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ បន្ទាប់ពីប្រធានាធិបតី លោក Emmanuel Macron បាននិយាយតាមទូរសព្ទជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

វិមាន Elysee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការផ្តល់នូវការគាំទ្រចាំបាច់ទាំងអស់ នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយោធាអ៊ុយក្រែន»

ទោះជាយ៉ាងណា មន្ត្រី Elysee បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលនឹងត្រូវដឹកជញ្ជូនទាំងនោះ។

សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងការនិយាយទូរសព្ទជាមួយ លោក Zelensky លោក Macron បានបញ្ជាក់ពីការគាំទ្ររបស់គាត់ចំពោះបទឈប់បាញ់ ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនារដូវក្តៅនេះ ដែលទាក់ទងនឹងប្រទេសរុស្ស៊ីបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន និងទទួលយក «គំនិតផ្តួចផ្តើមការទូតដ៏មានប្រយោជន៍ទាំងអស់» ដើម្បីបើកការចរចា។

កាលពីសប្តាហ៍មុន ប្រធានាធិបតីចិន លោក Xi Jinping ក៏បានគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាសាកល ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសផងដែរ៕