(បាងកក)៖ នាយកដ្ឋានអប់រំកែប្រែនៅប្រទេសថៃ បានឱ្យដឹងថា សកម្មជនថៃម្នាក់ ដែលត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់បទល្មើស ពាក់ព័ន្ធច្បាប់ការពារការប្រមាថស្ថាប័នព្រះមហាក្សត្រ បានបាត់បង់ជីវិតនាថ្ងៃអង្គារនេះ ពេលកំពុងធ្វើកូដកម្មបង្អត់អាហារ ក្រោយស្ថិតក្រោមការឃុំឃាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។

សកម្មជនថៃឈ្មោះ Netiporn Sanae-sangkhom មកពីក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ Thaluwang បានស្ថិតនៅក្រោម​ការឃុំឃាំងមុនបើកការជំនុំជម្រះក្តី ចាប់តាំងពីខែមករាមក។ សកម្មជនរូបនោះ ត្រូវបានចោទប្រកាន់ នៅក្រោមច្បាប់ដ៏តឹងរ៉ឹងបំផុតមួយរបស់ថៃ ដែលការពារប្រឆាំងការប្រមាថ​ស្ថាប័នព្រះមហាក្សត្រ ជុំវិញសកម្មភាពតវ៉ាមួយប្រឆាំងក្បួនព្រះទីន័ងរបស់ព្រះរាជវាំងថៃ កាលពីឆ្នាំ២០២០ អំឡុងការផ្ទុះឡើងយ៉ាង​ក្រើក នៃចលនាគាំទ្រប្រជាធិបតេយ្យ ដឹកនាំដោយក្រុមយុវជនថៃ។

សកម្មជនវ័យ២៨ឆ្នាំខាងលើ បានធ្វើកូដកម្មបង្អត់អាហារមិនយូរប៉ុន្មាននោះឡើយ ក្រោយត្រូវអាជ្ញាធរចាប់ឃុំខ្លួន ដើម្បីសម្តែងការតវ៉ាប្រឆាំង ប្រព័ន្ធយុត្តិធម៌នៃប្រទេសថៃ ហើយភ្លាមៗនោះ រូបនាងត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យ ដោយសារក្តីបារម្ភអំពីស្ថានភាពសុខភាព។ បើតាម​នាយកដ្ឋានអប់រំកែប្រែថៃ នារីសកម្មជន Netiporn មានឈ្មោះហៅក្រៅថា Boong មានស្ថានភាពសុខភាព​ចុះទន់ខ្សោយជាខ្លាំង ហើយនាងមិនព្រមទទួលយក សារធាតុរ៉ែនិងវីតាមីន ដែលក្រុមគ្រូពេទ្យផ្តល់ឱ្យឡើយ។ រហូតមកដល់ព្រឹកថ្ងៃអង្គារនេះ បេះដូងនាងក៏ឈប់ធ្វើសកម្មភាព ហើយមិនឆ្លើយតប ចំពោះកិច្ចប្រឹងប្រែងជួយសង្រ្គោះនោះទេ ជាហេតុនាំឱ្យរូបនាងទទួលមរណភាពតែម្តង នៅម៉ោងប្រមាណ១១៖២២នាទី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ សកម្មជនថៃ២នាក់ផ្សេងទៀត ក៏បានធ្វើកូដកម្មបង្អត់អាហារផងដែរ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរឃុំឃាំង ក្រោមច្បាប់ការពារស្ថាប័នព្រះមហាក្សត្រថៃ ប៉ុន្តែទទួលបានការអនុញ្ញាតឱ្យដោះលែងជាបណ្តោះអាសន្ន ដោយសារតែក្តីបារម្ភអំពីបញ្ហាសុខភាព៕