(ដូហា)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានជួបមេដឹកនាំក្រុមហាម៉ាស អំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសកាតា ជាទីដែលលោកបានទទូចដល់អ៉ីស្រាអែល បញ្ឈប់អំពើឃោឃៅប្រឆាំងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០២៤។

ក្រុមគណៈប្រតិភូហាម៉ាសដឹកនាំដោយមេដឹកនាំបច្ចុប្បន្ន គឺលោក Ismail Haniyeh និងអតីតមេដឹកនាំ លោក Khaled Mashal បាន​ប្រាប់​ លោក Anwar អំពី​ស្ថានភាព​ថ្មីចុងក្រោយ​​នៅតំបន់ហ្កាហ្សា និងទីក្រុង Rafah។ តាមការបង្ហោះសារលើហ្វេសប៊ុក លោក Anwar ក៏បានអំពាវនាវឱ្យអ៉ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ហើយឯកភាពលើផែនការសន្តិភាព។ លោកថា ម៉ាឡេស៉ី នឹងបន្តដើរតួនាទីក្នុងការបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah និងប្រមែប្រមូលកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីជួយជនរងគ្រោះ ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា នេះជាជំនួបផ្ទាល់មុខលើកដំបូងរវាង លោក Anwar ក្នុងនាមជានាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៉ី ជាមួយលោក Haniyeh។ អ្នកទាំងពីរធ្លាប់ជួបគ្នាពីរលើក គឺនៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០៕