(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចមកកាន់​ប្រទេសចិនក្នុងសប្តាហ៍នេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា លោក ពូទីន នឹងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ វានឹងជាដំណើរទស្សនកិច្ចលើកទី២ របស់លោកប្រធានាធិបតីរុស្ស៉ី មកកាន់ប្រទេសចិន គិតក្នុងរយៈពេលជាង៦ខែ។ កាលពីខែតុលា ឆ្នាំ២០២៣ លោក ពូទីន បានធ្វើដំណើរមកកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ។ រីឯកាលពីខែមីនា ឆ្នាំដដែល លោក ស៉ី ជីនពីង បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី។ ខាងវិមានក្រឹមឡាំង ក៏បានចេញសេចក្តីប្រកាស អំពីគម្រោងទស្សនកិច្ចខាងលើ ផងដែរ។

គួរបញ្ជាក់ថា ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរុស្ស៉ីធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងប៉េកាំងនិងមូស្គូ បានប្រកាសអំពី ភាពជាដៃគូគ្មានដែនកំណត់ ហើយចាប់តាំងពីពេលនោះ បានបង្កើនចំណងទាក់ទងកាន់តែជិតស្និទ្ធខ្លាំង ជាពិសេសផ្នែកពាណិជ្ជកម្ម។ ទស្សនកិច្ច​របស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ក៏នឹងជាទស្សនកិច្ចក្រៅប្រទេសលើកទី១ផងដែរ សម្រាប់រូបលោក បន្ទាប់ពីលោក ពូទីន ទើបតែស្បថចូលកាន់តំណែងប្រធានាធិបតី សម្រាប់អាណត្តិថ្មី៕