(ហ្សាការតា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះថាចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅក្នុងខេត្ត West Sumatra បានកើនដល់ ៥២នាក់ និងច្រើនជាង ៣០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងកាលពីថ្ងៃសៅរ៍សប​្ដាហ៍មុន ដោយបង្កជាគ្រោះទឹកជំនន់ គ្រោះរអិលបាក់ដី គួបផ្សំជាមួយកម្អែភ្នំភ្លើងត្រជាក់ បានវាយប្រហារលើស្រុកចំនួន៣ ក្នុងខេត្ត West Sumatra។ គិតត្រឹមកាលពីថ្ងៃចន្ទម្សិលមិញ តួលេខអ្នកស្លាប់មាន៤៣នាក់។ លោក Ilham Wahab ជាអ្នកនាំពាក្យទីភ្នាកងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់ ៥២នាក់ មាន៤៥នាក់ត្រូវបានបញ្ជាក់អត្តសញ្ញាណ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្ស១៧នាក់ដែលកំពុងបាត់ខ្លួន នៅឡើយ។

បើតាមលោក Ilham Wahab ផ្ទះ២៤៩ខ្នង និងផ្ទៃដី ២២៥ហិកតា ក្នុងនោះរួមមានទាំងដីស្រែ រួមទាំងផ្លូវជាច្រើននៅក្នុងស្រុកចំនួន៣ខាងលើ បានរងការខូចខាត៕