(កៀវ)៖ ក្រសួងថាមពលនៃប្រទេសអ៊ុយក្រែន បានឱ្យដឹងថា អ៊ុយក្រែនគ្រោងនាំចូលថាមពលអគ្គិសនីកាន់តែច្រើនថែមទៀត ពីប្រទេសអឺរ៉ុប​ចំនួន៥ ក្រោយរាយការណ៍អំពី ហេដ្ឋារចនាសម្ព័ន្ធទទួលរងការខូចខាតខ្លាំងធ្ងន់ធ្ងរ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

ទំហំនៃការនាំចូលថាមពលអគ្គិសនីនោះ ត្រូវបានរំពឹងថា នឹងកើនដល់១៩,៤៨៤មេហ្កាវ៉ាត់ម៉ោង ខណៈកំណត់ត្រាចាស់គឺ១៨,៦៤៩ មេហ្កាតវ៉ាត់ម៉ោង គិតត្រឹមចុងខែមីនា បន្ទាប់ពីការចាប់ផ្តើមវាយប្រហាររបស់រុស្ស៉ីក្នុងជុំដំបូងៗ មកលើវិស័យថាមពលរបស់អ៊ុយក្រែន។ ក្រសួងថាមពលអ៊ុយក្រែន បាននិយាយថា ដោយសារប្រទេសកំពុងប្រឈមការខ្វះខាតថាមពលអគ្គិសនីខ្លាំង ព្រោះតែការខូចខាត​ទ្រង់ទ្រាយធំ ចំពោះស្ថានីយផលិតថាមពលរបស់អ៊ុយក្រែន ខ្លួនគ្រោងនាំចូលថាមពល​ក្នុងកម្រិតខ្ពស់ថែមទៀត ពីប្រទេសអឺរ៉ុបដូចជារ៉ូម៉ានី ស្លូវ៉ាគី ប៉ូឡូញ ហុងគ្រី និងម៉ុលដាវី។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ចំពោះស្ថានីយថាមពលចំនួន៣ ជាហេតុដាក់បន្ទុកបន្ថែមទៀត ដល់បណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់អ៊ុយក្រែន។ រុស្ស៉ីបានបង្កើនការវាយប្រហារ ដោយប្រើមីស៉ីល និងដ្រូនលើវិស័យថាមពលរបស់អ៊ុយក្រែន ចាប់តាំងតែពីខែមីនា ឆ្នាំនេះ ដោយបានបង្ក​ការខូចខាតយ៉ាងដំណំ និងបណ្តាលឱ្យមានការដាច់អគ្គិសនី នៅតាមតំបន់ជាច្រើន។ បើតាមរដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko ការវាយប្រហារទាំងនេះ បានបង្កការខូចខាតសរុបគិតជាទឹកប្រាក់ រហូតដល់១ពាន់លានដុល្លារ ចំពោះវិស័យថាមពល​របស់អ៊ុយក្រែន៕