(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា បានសម្រេចចិត្តតែងតាំងលោក Andrei Belousov ជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Sergei Shoigu ក្រោមក្របខណ្ឌនៃការរុះរើគណៈរដ្ឋមន្ត្រីដ៏សំខាន់បំផុតមួយ ចាប់តាំងពីបានធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឈ្មោះរបស់លោក Andrei Belousov ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ បេក្ខភាពជារដ្ឋមន្ត្រីការពារជាតិរបស់លោក Andrei Belousov នឹងត្រូវឆ្លងកាត់ការអនុម័តពីសភាជាន់ខ្ពស់រុស្ស៉ី។ លោក Sergei Shoigu ត្រូវបានលោក ពូទីន តែងតាំងជារដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ក្នុងឆ្នាំ២០១២។ នៅក្នុងក្រឹត្យមួយ របស់លោក ពូទីន លោក Shoigu ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសនិ្តសុខជាតិរុស្ស៉ី ជំនួស លោក Nikolai Patrushev។ ចំណែក នាយអគ្គសេនាធិការកងកម្លាំង ប្រដាប់អាវុធរុស្ស៉ី លោក Valery Gerasimov នឹងបន្តកាន់តំណែងដើម្បីត្រួតពិនិត្យ និងដឹកនាំប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីលោក Andrei Belousov៖

* លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Moscow State University ក្នុងឆ្នាំ១៩៨១។
* ក្នុងឆ្នាំ២០០០ លោក Belousov ត្រូវបានតែងតាំងជាទីប្រឹក្សាក្រៅក្របខណ្ឌម្នាក់របស់នាយករដ្ឋមន្ត្រីរុស្ស៉ី និង៦ឆ្នាំក្រោយមក លោកបានចូលបម្រើការក្នុងក្រសួងសេដ្ឋកិច្ចរុស្ស៉ី ក្នុងនាមជាអនុរដ្ឋមន្ត្រី។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ លោកបានក្លាយជាប្រធាននាយកដ្ឋានទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលរុស្ស៉ី ពោលក្នុងអាណត្តិដែលលោក ពូទីនកាន់តំណែងជានាយករដ្ឋមន្ត្រីរុស្ស៉ី។

* នៅឆ្នាំ២០១២ លោក Belousov បានឡើងតំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ លោក Belousov បានកាន់តំណែងជាទីប្រឹក្សាម្នាក់របស់ប្រធានាធិបតី។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ហើយនៅពេលនាយករដ្ឋមន្ត្រីលោក Mikhail Mishustin ឆ្លងកូវីដ១៩ ក្នុងឆ្នាំ២០២០ លោក Belousov បានដឹកនាំ កិច្ចការជានាយករដ្ឋមន្ត្រីបានមួយរយៈពេលខ្លី។

*​ ឆ្នាំ២០១៧ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RBC បានរាយការណ៍ថាលោក Belousov បានស្ថិតនៅក្នុងចំណោមក្រុមមន្ត្រីរុស្ស៉ីដែលបានបញ្ចុះបញ្ចូលឱ្យលោក ពូទីនថាសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា blockchain ពិតជាមានសារៈសំខាន់បំផុតនៅពេលអនាគត។ តាម RBC លោក Belousov ជាមនុស្សម្នាក់ស្រឡាញ់ និងបានហាត់ក្បាច់គុនចម្រុះ ព្រមទាំងការ៉ាត់តេ កាលលោកនៅក្មេង និងមិនដែលបម្រើការងារ ឬមានបទពិសោធន៍ក្នុងជួរកងកម្លាំងប្រដាប់អាវុធនោះទេ។ តែលោកត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ពូទីន៕