(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាបទឈប់បាញ់មួយ នៅក្នុងសង្រ្គាម រវាងអ៉ីស្រាអែល និងហាម៉ាស អាចនឹងកើតឡើងភ្លាមៗ ប្រសិនបើហាម៉ាសដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះក្នុងកម្មវិធីរៃអង្គាសប្រាក់មួយមានមនុស្សចូលរួមជាង ១០០នាក់ នៅទីក្រុង Seattle បន្ទាប់ពីលោកផ្ទាល់បានគេចវេសមិន និយាយពីប្រធានបទមួយនេះ ក្នុងកម្មវិធីដូចគ្នានេះចំនួន៣ កាលពីថ្ងៃសុក្រ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «វាអាចនឹងមានបទឈប់បាញ់នៅថ្ងៃស្អែកក៏ថាបាន ប្រសិនបើក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង»។ លោកបន្ថែមថា អ៉ីស្រាអែលបាននិយាយថាវាអាស្រ័យលើក្រុមហាម៉ាស ពោលប្រសិនបើហាម៉ាសដោះលែង ចំណាប់ខ្មាំង នោះបទឈប់បាញ់នឹងកើតឡើងភា្លមៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅនេះ លោក បៃដិន បានព្រមានថានឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនឱ្យអ៉ីស្រាអែល ប្រសិនបើហ៊ានបើកការវាយប្រហារ ទ្រង់ទ្រាយធំលើទីក្រុង Rafah។ ប៉ុន្តែទោះជាមានការព្រមាននេះក៏ដោយ ក៏អ៉ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសលើទីក្រុងមួយនេះ និងថែមទាំងបង្គាប់ឱ្យ ប្រជាជនស៊ីវិលជម្លៀសខ្លួនបន្ថែមទៀតផង ខណៈបើតាមក្រសួងសុខាភិបាលហ្កាហ្សា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងសង្រ្គាម កើនដល់ ៣៤ ៩៧១នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក៕