(មូស្គូ)៖ ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស ៥នាក់ស្លាប់ និង ៩នាក់របួសនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន និងកាំភ្លើងធំរបស់អ៊ុយក្រែនចំនួន ៣លើកដាច់ដោយឡែកពីគ្នា លើខេត្តជាប់ព្រំដែនរុស្ស៉ីនៃតំបន់ Belgorod និង Kursk រួមទាំងទីក្រុងដែលរុស្ស៉ីកំពុងកាន់កាប់នៃតំបន់ Donetsk។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៤។

មន្រ្តីតែងតាំដោយរុស្ស៉ីនៅតំបន់ Donetsk លោក Denis Pushilin និយាយថា ជនស៉ីវិល ៣នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស នៅពេលដែលមីស៉ីលអ៊ុយក្រែនវាយប្រហារភោជនីយដ្ឋានមួយក្នុងទីក្រុង Donetsk។ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានឱ្យដឹងថា មានបុរសម្នាក់សម្លាប់ និងម្នាក់របួស បន្ទាប់ពីយន្តហោះដ្រូនអ៊ុយក្រែនបុករថយន្តដែលកំពុងឈប់ចតនៅភូមិព្រំដែន Novostroyevka-Pervaya។ ដោយឡែក អភិបាលតំបន់ Kursk លោក Roman Starovoit និយាយថា ជនស៉ីវិលម្នាក់បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសក្នុងការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុងព្រំដែន Sudzha។ បើតាមក្រសួងការពារជាតិរុស្ស៉ី កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់រ៉ុក្កែត ២១គ្រាប់ និងយន្តហោះដ្រូន ១៦គ្រឿងនៅទូទាំងតំបន់ Belgorod, Kursk និង Volgograd ប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា Belgorod និង Kursk ជាតំបន់ដែលទទួលរងនូវការវាយប្រហារជាប្រចាំ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕