(បាដាដ)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មានមនុស្សជាង ៣០០នាក់ហើយបានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗ ដែលហូរកាត់ខេត្តជាច្រើនរបសើអាហ្វហ្គានីស្ថាន ខណៈដែលអាជ្ញាធរបានប្រកាសអាសន្ន និងប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៤។

អ្នកនៅរស់រានមានជីវិត ត្រូវដើរឆ្លងកាត់ផ្លូវដែលមានភក់ កំទេចកម្ទី និងអគារដែលរងការខូចខាត ខណៈអាជ្ញាធរ ក៏ដូចជាក្រុមអង្គការមិនមែនរដ្ឋាភិបាល បានដាក់ពង្រាយអ្នកជួយសង្គ្រោះ និងផ្តល់ជំនួយ ហើយថាតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។ បើតាម WFP ខេត្ត Baghlan នៅភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន គឺជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយមនុស្សជាង ៣០០នាក់បានស្លាប់នៅក្នុងខេត្តនេះ ហើយផ្ទះរាប់ពាន់ខ្នងត្រូវបំផ្លាញ ឬខូចខាត។ មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន លោកស្រី Rana Deraz បានប្រាប់ AFP ថា នៅខេត្ត Baghlan មានអ្នកស្លាប់កើនឡើងដល់ចំនួន ៣១១នាក់ ផ្ទះ ២,០១១ខ្នងត្រូវបំផ្លាញ និងខូចខាតចំនួ ២,៨០០ខ្នង។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យទឹកទន្លេជន់ឡើងហូរហៀរ នាំមកនូវភក់ហូរកាត់ភូមិ និងពាសពេញដីកសិកម្ម នៅក្នុង១ខេត្តមួយចំនួនរបស់ប្រទេសអាហ្វហ្កានីស្ថាន៕