(គៀវ)៖ សភាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយបានបោះឆ្នោតទម្លាក់ទាំងឧបនាយករដ្ឋមន្ត្រីផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋមន្ត្រីកសិកម្ម ចេញតំណែង ខណៈដែលមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ភាគច្រើននៃសមាជិកសភាចំនួន ២៧២រូប បានបោះឆ្នោតដកឧបនាយករដ្ឋមន្ត្រី លោក Oleksandr Kubrakov ចេញពីតំណែង។ លោក Kubrakov ទទួលខុសត្រូវក្នុងគ្រប់គ្រងកម្មវិធីស្តារប្រទេសឡើងវិញ និងគំនិតផ្តួចផ្តើមក្នុងការបង្កើតច្រករបៀងដឹកជញ្ជូននៅសមុទ្រខ្មៅ ជាពិសេសក្នុងអំឡុងពេលការបិទផ្លូវរបស់រុស្ស៊ី។

ការចាកចេញរបស់ឧបនាយករដ្ឋមន្ត្រីវ័យ៤១ ឆ្នាំរូបនេះ គឺកើតឡើងស្របគ្នានឹងផែនការរបស់សមាជិកសភា ក្នុងការបំបែកក្រសួងដ៏មានឥទ្ធិពលមួយនេះ ទៅជាក្រសួងពីរដាច់ដោយឡែកពីគ្នា។

លោក Kubrakov បាននិយាយនៅលើ Facebook ថា ការបណ្តេញគាត់ចេញ មិនត្រូវបានពិភាក្សាជាមួយគាត់ជាមុនទេ ហើយថាគាត់មិនត្រូវបានផ្តល់ឱកាសដើម្បីការពារតំណែងរបស់ខ្លួន នៅក្នុងបទបង្ហាញទៅកាន់សភាទេ។

បន្ថែមពីលើការបណ្តេញឧបនាយករដ្ឋមន្ត្រី Kubrakov សភាអ៊ុយក្រែនក៏បានទទួលយកការលាលែងពីតំណែង របស់រដ្ឋមន្ត្រីកសិកម្ម លោក Mykola Solski ផងដែរ ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេត លើការសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការទទួលបាដីរដ្ឋដោយខុសច្បាប់។

គួរជម្រាបថា រដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន មានតំណែងរដ្ឋមន្ត្រីចំនួនប្រាំដែលនៅទំនេរ ក្នុងចំណោមក្រសួងជាង២០ នៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។ ទន្ទឹមគ្នានេះ មានសេចក្តីថ្លែងការណ៍របស់មន្ត្រី ទាក់ទងនឹងផែនការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញ និងកាត់បន្ថយចំនួនក្រសួង ដោយសារឱនភាពថវិកាជាតិ ខណៈចំណូលរដ្ឋភាគច្រើនត្រូវបានបែងចែកសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារជាតិ។ ទោះជាយ៉ាងណា ផែនការកាត់បន្ថយក្រសួងនេះ ត្រូវបានរិះគន់ដោយសមាជិកសភាមួយចំនួន ថាគ្មានប្រសិទ្ធភាព ជាពិសេសក្នុងសម័យសង្គ្រាម៕