(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak នឹងអំពាវនាវដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យនានា ឱ្យការពារសិស្ស-និស្សិតជនជាតិជ្វីហ្វ នៅក្នុងជំនួបមួយនាថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា សកម្មភាពតវ៉ានៅតាម សាកលវិទ្យាល័យមួយចំនួន ហាក់កំពុងបំផុសឱ្យមានការធ្វើទុក្ខបុកម្នេញ និងហិង្សាប្រឆាំងជនជាតិជ្វីហ្វ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ ២០២៤។

នៅចក្រភពអង់គ្លេស ការតវ៉ាបានផ្ទុះឡើងនៅសាកលវិទ្យាល័យមួយចំនួន រួមទាំង Oxford និង Cambridge ដើម្បីបង្ហាញសាមគ្គីភាព ជាមួយតំបន់ហ្កាហ្សា និងក្រុមអ្នកតវ៉ានៅអាមេរិក។ សកម្មភាពតវ៉ាទាំងនោះ គ្មានការប៉ះទង្គិចជាមួយប៉ូលិសទេ ប៉ុន្តែបានរងការរិះគន់ ពីសំណាក់ក្រុមយុទ្ធនាការទប់ស្កាត់ ការរើសអើងជនជាតិជ្វីហ្វ នៅក្នុងស្រុក។

លោក Sunak បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មុនជំនួបនោះថា «សាកលវិទ្យាល័យគួរតែជាកន្លែង នៃការជជែកដេញដោលរកខុសត្រូវ ប៉ុន្តែក៏ជាកន្លែងនៃការអត់ឱន និងការគោរពចំពោះសមាជិកគ្រប់រូបនៃសហគមន៍របស់ពួកគេ។ មនុស្សមួយចំនួនតូច កំពុងរំខានដល់ការរស់នៅ និងការសិក្សារបស់និស្សិតដទៃទៀត ហើយក្នុងករណីខ្លះ មានលក្ខណៈបំផុសចង់ឱ្យមាន ការធ្វើទុក្ខបុកម្នេញ និងហិង្សាប្រឆាំងជនជាតិជ្វីហ្វ តែម្តង។ សកម្មភាពទាំងអស់នោះត្រូវតែបញ្ឈប់»

គួរបញ្ជាក់ថា កាតវ៉ាពីសំណាក់ក្រុមនិស្សិតគាំទ្រប៉ាឡេស្ទីន ជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា បានក្លាយជាព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ នៅសហរដ្ឋអាមេរិក ដោយសកម្មភាពតវ៉ាមួយចំនួន ត្រូវបានប៉ូលិសចុះបង្រ្កាប ដល់សាកលវិទ្យាល័យ។ ក្រុមតវ៉ាដែលគាំទ្រអ៉ីស្រាអែល បានចាត់ទុកសកម្មភាពក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ជាទង្វើជំរុញការធ្វើទុក្ខបុកម្នេញ និងរើសអើងប្រឆាំងលើជនជាតិជ្វីហ្វ៕