(អាំស្ទែដាំ)៖ ប៉ូលិសបង្រ្កាបកុបកម្មរបស់ប្រទេសហូឡង់ បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា នៅឯសាកលវិទ្យាល័យ University of Amsterdam កាលពីថ្ងៃពុធសប្តាហ៍នេះ ស្របពេលដែលបាតុករជាច្រើន នៅមហាវិទ្យាល័យរបស់សហរដ្ឋអាមេរិក ក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីយប់មិញ ខណៈការតវ៉ាធ្វើឡើងដោយនិស្សិតប្រឆាំងសង្រ្គាម អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា ជំរុញឱ្យសាលាដែលជាសាខាកាន់តែច្រើនចូលរួម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

នៅ Amsterdam ទូរទស្សន៍ក្នុងស្រុក បានផ្សាយពីក្រុមបាតុករឡើងផ្លោះរនាំងបណ្តោះអាសន្ន ដោយអ្នកខ្លះប្រើបំពង់ពន្លត់អគ្គីភ័យដើម្បីរុញច្រានប៉ូលិសឱ្យថយក្រោយ។ បើតាមវីដេអូរបស់ Reuters ប៉ូលិសបង្រ្កាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ា ដែលព្យាយាមប្រើដំបងដើម្បីវាយបំបែករបាំង និងបានអូសនិស្សិតក្មេងៗ ជាច្រើននាក់ចេញពីកន្លែងកើតហេតុ។ អ្នកគ្រប់សាលា បានឱ្យដឹងថា University of Amsterdam មានកម្មវិធីផ្លាស់ប្តូរជាមួយសាកលវិទ្យាល័យចំនួន ៣ក្នុងប្រទេស អ៉ីស្រាអែល ដែលត្រូវផ្អាកដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព។ ក្រៅពីនេះ សាលាក៏នៅមានកិច្ចសហការជាមួយអ្នកវិទ្យាសាស្ត្រអ៉ីស្រាអែល ឬក្រុមហ៊ុននៅក្នុងគម្រោង ស្រាវជ្រាវអឺរ៉ុបចំនួន ៨ផ្សេងគ្នាទៀត។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ សបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងបរិវេណសាលាអឺរ៉ុប បន្ទាប់ពីភាពចលាចលជាច្រើនសប្តាហ៍ នៅតាមសាកលវិទ្យាល័យ ជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលនិស្សិតអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស៕