(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី៨ ខែឧសភា បានព្រមានអ៉ីស្រាអែលជាសាធារណៈលើកដំបូងថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ ការផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើកងកម្លាំងអ៉ីស្រាអែលវាយលុកទ្រង់ទ្រាយធំចូលក្នុងទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង១លាននាក់កំពុងជ្រកកោន ក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ចូ បៃដិ​​ន ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN និងចំពេលអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការវាយលុកតាមជើងគោកទ្រង់ទ្រាយតូច ក្នុងទីក្រុង Rafah ជាមួយការដណ្ដើមគ្រប់គ្រងច្រកឆ្លងព្រំដែនដ៏សំខាន់រវាងទីក្រុងមួយនេះ និងព្រំដែនអេហ្ស៉ីប។ ការអត្ថាធិប្បាយរបស់លោក បៃដិននេះដែរគឺជាការ ប្រើប្រាស់ភាសាធ្ងន់ធ្ងរជាលើកដំបូងចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ដើម្បីបញ្ចុះបញ្ចូលកុំឱ្យអ៉ីស្រាអែលវាយលុកចូលទីក្រុង Rafah​ តែលោក ណេតាន់យ៉ាហ៊ូហាក់មិនព្រមស្ដាប់ទាល់តែសោះ។

លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានបញ្ជាក់ច្បាស់ៗថាប្រសិនបើពួកគេ (អ៉ីស្រាអែល) វាយលុកចូលទីក្រុង Rafah...ខ្ញុំនឹងមិនផ្គត់ផ្គង់អាវុធដែលត្រូវបានប្រើ ក្នុងសង្រ្គាមនៅ Rafah នោះទេ»។ លោក បៃដិន ក៏បានទទួលស្គាល់ផងដែរថាអាវុធរបស់សហរដ្ឋអាមេរិក ត្រូវបានអ៉ីស្រាអែលប្រើប្រាស់សម្លាប់ជនស៊ីវិលក្នុងតំបន់ ហ្កាហ្សា ជាទីដែលជនជាតិប៉ាឡេស្ទីន ៣៤ ៧៨៩នាក់ ភាគច្រើនលើសលុបជាជនស៊ីវិលត្រូវបានសម្លាប់។

គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីក្រុងវ៉ាស៊ីនតោនបានត្រួតពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់ ចំពោះការផ្គត់ផ្គង់ អាវុធទៅឱ្យអ៉ីស្រាអែល ហើយជាលទ្ធផល ទីក្រុងវ៉ាស៊ីនតោនសម្រេចផ្អាកការបញ្ជូនគ្រាប់បែកជាង ៣៥០០គ្រាប់ ដល់អ៉ីស្រាអែល។ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំ សហរដ្ឋអាមេរិក លោក Gilad Erdan បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងដ៏គួរឱ្យសោកស្ដាយ ទោះបីជាលោកផ្ទាល់មិនជឿថាអាមេរិក នឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែលក៏ដោយ៕