(ប៉េកាំង)៖ ថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង ភាគីទាំងពីរចិននិងបារាំងបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់ចិននិងបារាំង ស្តីពីស្ថានការណ៍មជ្ឈបូព៌ា» ភាគីទាំងពីរបានមូលមតិជាឯកច្ឆន្ទនិងបញ្ចេញសំឡេងរួម អំពីបញ្ហាជាបន្ទាន់នៅមជ្ឈិមបូព៌ា ដូចជាការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងវិបត្តិសមុទ្រក្រហមជាដើម។

សេចក្តីថ្លែងការណ៍នេះបានចេញផ្សាយនៅពេលវេលាជាគន្លឹះ និងមានខ្លឹមសារដ៏សំបូរបែប ដែលបានបង្ហាញឱ្យឃើញ នូវសតិសម្បជញ្ញៈរបស់មនុស្សជាតិ និងសំណូមពររបស់សហគមន៍អន្តរជាតិ ដើម្បីគាំពារសមភាពនិងយុត្តិធម៌ បានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ប្រទេសចិននិងបារាំង ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពសកលលោក ក៏ដូចជាបានបំពេញបន្ថែមកម្លាំងជំរុញ ដ៏សំខាន់ក្នុងដំណោះស្រាយបញ្ហាចំណុចក្តៅរបស់មជ្ឈិមបូព៌ា។

បញ្ហាប៉ាឡេស្ទីន ជាគន្លឹះរបស់បញ្ហាមជ្ឈិមបូព៌ា។ បច្ចុប្បន្ននេះ ការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បានអូសបន្លាយអស់រយៈពេលលើសពី២រយថ្ងៃហើយ បានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយផ្នែកមនុស្សធម៌ ដែលញ៉ាំងឱ្យមនុស្សព្រឺព្រួយភ្ញាក់ផ្ញើលជាអនេក។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៏របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសធំដ៏ឯករាជ្យនិងម្ចាស់ការ ប្រទេសទាំងពីរចិននិងបារាំង មានគំនិតឯកភាពរួម យ៉ាងទូលំទូលាយក្នុងបញ្ហាមជ្ឈិមបូព៌ា។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅបារាំងលើកនេះ ខណៈពេលចូលរួមសកម្មភាពជាច្រើន លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែបានលើកឡើង ដល់បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយបានគូសបញ្ជាក់ថា សោកនាដកម្មនេះអូសបន្លាយ រហូតដល់ពេលបច្ចុប្បន្ននេះ គឺជាការសាកល្បងចំពោះសតិសម្បជញ្ញៈរបស់មនុស្សជាតិ សហគមន៍អន្តរជាតិចាំបាច់ត្រូវបំពេញ ភារកិច្ចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា។

លោកបានលើកឡើងថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ននេះ គឺត្រូវសម្រេចបាននូវការឈប់បាញ់គ្នា ដោយគ្រប់ជ្រុងជ្រោយ ក្នុងពេលឆាប់ៗ ភារកិច្ចសំខាន់ជាងគេ គឺត្រូវធានាការងារជួយសង្គ្រោះមនុស្សធម៌ ហើយច្រកចេញពីឬសគល់គឺអនុវត្ត “ដំណោះស្រាយរដ្ឋពីរ”។ ភាគីបារាំងបានថ្លែងថា រីករាយរក្សាការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធជាមួយភាគីចិន រួមគ្នាគាំពារពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍រួមស្តីពីស្ថានការណ៍មជ្ឈិមបូព៌ា ដែលភាគីទាំងបានចេញផ្សាយនោះ បានបង្ហាញយ៉ាងពេញលេញ នូវគំនិតផ្តួចផ្តើមដូចពោលខាងលើនេះ។ ចាប់ពីការថ្កោលទោសរាល់ទង្វើល្មើសនឹង ច្បាប់មនុស្សធម៌អន្តរជាតិទាំងអស់ ដល់ការប្រឆាំងអ៊ីស្រាអែល វាយប្រហារទៅលើតំបន់ឡាហ្វា ចាប់ពីការអំពាវនាវឱ្យសម្រេចបាន នូវការឈប់បាញ់គ្នាជានិរន្តរភាពភា្លម អនុវត្តភ្លាមនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព ដល់ការរំលឹកឡើងវិញពី ការធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ប្រទេសទាំងពីរចិននិងបារាំង ប្រកាន់គោលជំហរដ៏យុត្តិធម៌ បានឈានដល់គំនិតឯកភាពរួមនៅពេលវេលាគន្លឹះ នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបានពង្រឹងជំនឿចិត្ត របស់សហគមន៍អន្តរជាតិក្នុងការគាំពារសន្តិភាព វាមានអំណោយផលដល់ ការទប់ស្កាត់កុំឱ្យ ស្ថានការណ៍មានភាពអាប់អួថែមទៀត ក៏ដូចជាជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរ។

ក្រៅពីនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងបារាំង បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យ បណ្តាលមកពីស្ថានការណ៍ ក្នុងតំបន់ឡើងកម្តៅ។ សេចក្តីថ្លែងការណ៍រួមបានរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងជំរុញឱ្យដោះស្រាយ បញ្ហានុយក្លេអ៊ែរនៃអ៊ីរ៉ង់ តាមផ្លូវនយោបាយនិងការទូត ហើយបានគូសបញ្ជាក់ពីសារសំខាន់ នៃការគាំពារសេរីភាពនាវាចរណ៍ នៅសមុទ្រក្រហមនិងឈូងសមុទ្រ Aden អំពាវនាវឱ្យបញ្ឈប់ភ្លាម នូវទង្វើវាយប្រហារទៅលើនាវាស៊ីវិល។ បញ្ហាពិភាក្សាទាំងនេះ ក៏ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសន្តិភាពមជ្ឈិមបូព៌ាផងដែរ។

នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមានសន្តិភាពនោះទេ។ ពិភពលោកមានភាពរង្គោះរង្គើ កាន់តែខ្លាំងឡើងៗ ប្រទេសទាំងពីរចិននិងបារាំង ក៏កាន់តែត្រូវប្រកាន់ខ្ជាប់គោលបំណងដើម នៃការបង្កើតទំនាក់ទំនងការទូត និងត្រូវរ៉ាប់រងទំនួលខុសត្រូវ កាន់តែធំ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឈានដល់ គំនិតឯកភាពរួមអំពីស្ថានការណ៍មជ្ឈិមបូព៌ា ហើយបានបង្ហាញពីតម្រិះប្រាជ្ញា និងសេចក្តីអង់អាចក្លាហាន ដែលបានធ្វើឱ្យពិភពលោក មានហេតុផលរំពឹងថា នៅ៦០ឆ្នាំបន្ទាត់ទៀត ចិននិងបារាំងនឹងចាប់ដៃគ្នាចេញដំណើរជាថ្មីម្តងទៀត ក្នុងន័យ “រួមគ្នាបំពេញបន្ថែមក្តីរំពឹងទុកដល់សកលលោក ដែលមានភាពមិនប្រាកប្រជា ក៏ដូចជាស្វែងរកទិសដៅ ដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិ”៕

វិទ្យុមិត្តភាពកម្ពុជាចិន