(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃពុធនេះ តុលាការក្រុងអ៉ីស្លាម៉ាបាដ បានអនុញ្ញាតលើសំណើរបស់លោកស្រី Bushra Bibi ដែលជាភរិយា របស់អតីតនាយកដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ដើម្បីប្តូរមកជាប់ឃុំក្នុងពន្ធនាគារវិញ ជំនួសឱ្យការជាប់ឃុំក្នុងផ្ទះ ដែលកំណត់ដោយបទបញ្ជារបស់រដ្ឋាភិបាល ព្រោះតែការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ ២០២៤។

មេធាវីរបស់លោកស្រី Bushra Bibi និយាយថា ដំបូងឡើយ លោកស្រី Bibi ត្រូវបានឃុំខ្លួនក្នុងភូមិគ្រឹះលោក Khan ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ចាប់តាំងពីការកាត់ទោសកាលពីខែមករា ទៅលើប្តីប្រពន្ធទាំងពីររូបនេះ ពីបទលក់អំណោយរដ្ឋ។ តាម បណ្តឹងឧទ្ធរណ៍ លោកស្រីបានស្នើសុំតុលាការកំពូលក្រុងអ៉ីស្លាម៉ាបាដ ដើម្បីផ្លាស់ទៅពន្ធនាគារ។ តុលាការក៏បានបង្គាប់ឱ្យអាជ្ញាធរបញ្ជូន លោកស្រីទៅកាន់ពន្ធនាគារ Adyala នៅក្នុងទីក្រុងយោធភូមិ Rawalpindi ជាកន្លែងដែល Khan កំពុងអនុវត្តការជាប់ពន្ធនាគារ រយៈពេល ១៤ឆ្នាំ។

គួរបញ្ជាក់ថា បើតាមគណបក្សរបស់ លោក Khan លោកស្រី Bibi ត្អូញត្អែរថា អាជ្ញាធរបានយកអាហារដែលមានមេរោគ មកឱ្យលោកស្រីនៅផ្ទះជាទីឃុំខ្លួនលោកស្រី ប៉ុន្តែអាជ្ញាធរបានច្រានចោលនូវការចោទប្រកាន់បែបនេះ៕