(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា បានប្រកាសថាយោធារបស់ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធមួយដែលនឹងរួមបញ្ចូលទាំង សមយុទ្ធនុយក្លេអ៊ែរតាក់ទិក។ តាមក្រសួងការពារជាតិរុស្ស៉ី លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញបទបញ្ជាឱ្យធ្វើសមយុទ្ធយោធាខាងលើ ហើយវា​នឹងតេស្តសមត្ថភាពត្រៀមលក្ខណៈរបស់កងកម្លាំងនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្ត ក្នុងការបំពេញបេសកកម្មប្រយុទ្ធ។

សមយុទ្ធយោធានេះនឹងរួមមានការហាត់សម ក្នុងការត្រៀមរៀបចំ និងការដាក់ពង្រាយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក។ ខាងក្រោមនេះគឺជាចំណុច គួរដឹងពីអាវុធនុយក្លេអ៊ែរតាក់ទិក ហើយតាមរយៈការធ្វើសមយុទ្ធនុយក្លេអ៊ែរនេះ តើអ្វីទៅជាសារដែលមូស្គូចង់បញ្ជូនទៅកាន់បណ្ដាប្រទេសលោកខាងលិច៖

* អ្វីទៅជាអាវុធនុយក្លេអ៊ែរតាក់ទិក?
អាវុធនុយក្លេអ៊ែរតាក់ទិក គឺសំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់យកប្រៀបនៅលើសមរភូមិ មិនមែនជាអាវុធនុយក្លេអ៊ែរ ដែលមាន សមត្ថភាពរំលាយទីក្រុងមួយទាំងមូលឱ្យបាត់ចេញពីផែនដីនោះឡើយ។ អាវុធនុយក្លេអ៊ែរតាក់ទិកអាចបំពាក់លើមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី គ្រាប់កាំភ្លើងធំ ឬយន្ដហោះទម្លាក់គ្រាប់បែកជាដើម។

ជាទូទៅ អាវុធនុយក្លេអ៊ែរតាក់ទិក ត្រូវបានគេចាត់ទុកថាជាអាវុធនុយក្លេអ៊ែរខ្នាតតូច បើប្រៀបធៀបវាទៅនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលត្រូវបានបំពាក់លើ មីស៊ីលអន្តរទ្វីប។ អាវុធនុយក្លេអ៊ែរតាក់ទិកមានកម្លាំងផ្ទុះពី១គីឡូតោន រហូតដល់១០០គីឡូតោន។ តែកម្លាំងផ្ទុះទោះជាស្ថិតក្នុងកម្រិតណាក៏ដោយ ក៏អាចបង្កជា មហន្តរាយបានដែរ ប្រសិនបើលោក ពូទីន សម្រេចចិត្តប្រើអាវុធប្រភេទនេះនៅលើសមរភូមិអ៊ុយក្រែនមែននោះ។ គេនៅចាំបានថាគ្រាប់បែកនុយក្លេអ៊ែរដែល សហរដ្ឋអាមេរិក បានទម្លាក់លើទីក្រុងហ៉ីរ៉ូស៊ីម៉ា និងណាហ្កាសាគី កាលពីឆ្នាំ១៩៤៥ មានកម្លាំងផ្ទុះចន្លោះពី១២ ដល់២១គីឡូតោន។

ផ្ទុយពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលស្ថិតនៅក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាវុធនុយក្លេអ៊ែរតាក់ទិកវិញមិនស្ថិត ក្រោមការដាក់កំហិតនៃសន្ធិសញ្ញាអាវុធណាមួយនោះទេ។ រុស្ស៉ីមិនដែលបានបញ្ជាក់ប្រាប់ថាតើខ្លួនមានអាវុធនុយក្លេអ៊ែរតាក់ទិកប៉ុន្មានគ្រាប់នោះទេ ខណៈ
មូស្គូត្រូវបានគេជឿជាក់ថាមានអាវុធនុយក្លេអ៊ែរតាក់ទិក ២,០០០គ្រាប់ ពោលគឺច្រើនជាងសហរដ្ឋអាមេរិក ១០ដង។

* តើលោក ពូទីនធ្លាប់និយាយអ្វីខ្លះពីអាវុធនុយក្លេអ៊ែរ?
ចាប់តាំងពីបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកឈ្លានពានចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោកប្រធានាធិបតី ពូទីន បានសម្លុតគំរាមលោកខាងលិច ម្ដងហើយម្ដងទៀតពីឫទ្ធអំណាចនៃអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ក្នុងចេតនាបំបាក់ស្មារតីកុំឱ្យលោកខាងលិចធ្វើអន្តរាគមន៍យោធាផ្ទាល់ ឬបង្កើនការគាំទ្រផ្នែក យោធាដល់ទីក្រុងកៀវ។ នៅដើមទីនៃសង្រ្គាម លោក ពូទីន តែងតែសម្លុតគំរាមជាញឹកញាប់ពីការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងនោះមានទាំង អាវុធនុយក្លេអ៊ែរដើម្បីការពារប្រជាជាតិ។ លោក ពូទីន បានបន្ថយសំឡេងសម្លុតគំរាម ក្រោយប្រតិបត្តិការវាយបករបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៣ ទទួលបរាជ័យ ហើយកងទ័ពរុស្ស៉ីដណ្ដើមបានទឹកដីអ៊ុយក្រែនជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។

គោលនយោបាយការពារជាតិរបស់រុស្ស៉ី បានកំណត់ថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើង ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ឬដោយអាវុធទូទៅធម្មតាដែលគំរាមកំហែងដល់អាយុជីវិតជាតិ។ លោក ពូទីន កាលពីឆ្នាំ២០២៣ ធ្លាប់បាននិយាយថាលោកមើលមិនឃើញពី ការគំរាមកំហែងណាមួយចំពោះរុស្ស៉ីនោះទេ។ «វាមិនមានស្ថានភាពណាមួយដែលនឹងគំរាមកំហែងដល់អាយុជីវិតជាតិរុស្ស៉ីទេ ហើយខ្ញុំគិតថាគ្មានមនុស្សមាន សតិធម្មតាណាម្នាក់ មានគំនិតចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៉ីនោះឡើយ»។ នេះជាការបញ្ជាក់របស់លោក ពូទីន។

ក៏ប៉ុន្តែ ក្រុមអ្នកជំនាញរុស្ស៉ីខ្លះបាន និងកំពុងជំរុញឱ្យលោក ពូទីន សំលៀងអាវុធនុយក្លេអ៊ែរឱ្យកាន់តែមុត ជាការបញ្ជូនសារទៅកាន់លោកខាងលិចឱ្យយកចិត្ត ទុកដាក់ចំពោះការព្រមានរបស់រុស្ស៉ី។ ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាថ្មីជាង ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន គួបផ្សំ នឹងការអត្ថាធិប្បាយរបស់មេដឹកនាំលោកខាងលិចមួយចំនួនដូចជាលោកប្រធានាធិបតីបារាំង ម៉ាក្រុង និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ដែលក្រឹមឡាំងចាត់ទុកថាជាការបង្ករឿង។ លោក ម៉ាក្រុង កាលពីសប្ដាហ៍មុនបានបញ្ជាក់ឡើងវិញថាបារាំងមិនច្រានចោលឡើយនូវលទ្ធភាព ឬជម្រើសបញ្ជូន កងទ័ពទៅជួយអ៊ុយក្រែន ក្នុងករណីរុស្ស៉ីវាយទម្លុះខែ្សការពាររបស់កងទ័ពអ៊ុយក្រែន ហើយអ៊ុយក្រែនខ្លួនឯងស្នើសុំជំនួយអន្តរាគមន៍ពីកងទ័ពបារាំង។ ស្រដៀងគ្នានេះដែរ លោក David Cameron កាលពីសប្ដាហ៍មុនក៏បានលើកឡើងដែរថាអ៊ុយក្រែនអាចប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារ ប្រឆាំងនឹងគោលដៅក្នុងទឹកដីរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ រុស្ស៉ីបានបញ្ជូនអាវុធនុយក្លេអ៊ែរតាក់ទិកមួយចំនួនរបស់ខ្លួនទៅកាន់បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់មូស្គូមានព្រំដែនជាប់ អ៊ុយក្រែន និងសមាជិក NATO ដូចជាប៉ូឡូញ ឡេតូនី និងលីទុយអានី។ ទាំងលោក ពូទីន និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអះអាងថាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុស គឺមានចេតនាទប់ទល់នឹងអ្វីដែលមេដឹកនាំទាំង២ហៅថាការគំរាមកំហែង ពីសំណាក់លោកខាងលិច។ តួយ៉ាង ក្នុងឆ្នាំដដែលនោះ លោក ពូទីន បានទាញភ្ជាប់ហេតុផលនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនេះទៅនឹង ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូន «គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» ទៅឱ្យអ៊ុយក្រែនបាញ់ទម្លុះរថក្រោះរុស្ស៉ី នៅលើសមរភូមិ។

រុស្ស៉ី និងបេឡារុស មិនបានបញ្ជាក់ថាតើមានអាវុធនុយក្លេអ៊ែរតាក់ទិកចំនួនប៉ុន្មានត្រូវបានដាក់ពង្រាយលើទឹកដីបេឡារុសនោះទេ ដោយគ្រាន់តែឱ្យដឹងថា យោធាបេឡារុសទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើអាវុធនុយក្លេអ៊ែរតាក់ទិក។ អាវុធនុយក្លេអ៊ែរតាក់ទិកទាំងនោះនៅតែស្ថិតក្រោមការគ្រប់គ្រងដោយ យោធារុស្ស៉ី។ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុស ដែលមានព្រំដែនគោកជាប់អ៊ុយក្រែនប្រវែង ១០៨៤គីឡូម៉ែត្រ នឹងអនុញ្ញាតឱ្យ យន្ដហោះចម្បាំង និងមីស៊ីលរុស្ស៉ី វាយប្រហារលើគោលដៅបានកាន់តែលឿន និងងាយស្រួល ប្រសិនបើមូស្គូសម្រេចចិត្តថាត្រូវតែប្រើប្រាស់អាវុធនុយក្លេអ៊ែរ តាក់ទិក។ មិនតែប៉ុណ្ណោះ អាវុធនុយក្លេអ៊ែរតាក់ទិក ក៏នឹងពង្រីកសមត្ថភាពរុស្ស៉ី ក្នុងការវាយប្រហារលើបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត NATO ក្នុងតំបន់អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាលផងដែរ ក្នុងករណីជម្លោះផ្ទុះឡើង៕