(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva បានដាក់សំណើទៅកាន់សភា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីប្រកាសភាពអាសន្ន​បន្ទាប់ពី ភ្លៀង​ធ្លាក់​ខ្លាំងបានបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៨៥នាក់ នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

​អាជ្ញាធរ​ការពារ​ជន​ស៉ីវិល​របស់​រដ្ឋ បានឱ្យដឹងថា មនុស្សជាង ១៣០នាក់បន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់ ២ភាគ ៣នៃទីក្រុងជិត ៥០០ ក្នុងរដ្ឋ Rio Grande do Sul ហើយបង្ខំឱ្យមនុស្សជាង ១៥០,០០០នាក់ ត្រូវផ្លាស់ទីលំនៅ។ ទឹកជំនន់បានបំផ្លាញផ្លូវ និងស្ពានជាច្រើននៅក្នុង ទីក្រុងមួយចំនួន បង្កជាបំណាក់ដី និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញធំធេង។

ចំណាត់ការរបស់លោក Lula ដែលបានស្នើទៅកាន់សភាឱ្យប្រកាសភាពអាសន្ន​ អនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកប្រើប្រាស់កញ្ចប់ថវិកាបន្ថែម ដោយមិនចាំបាច់អនុវត្តតាម ការត្បិតត្បៀបលើការចំណាយដែលត្រូវបានកំណត់ក្នុងច្បាប់សាពេពន្ធដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២៣ឡើយ។

គួរបញ្ជាក់ថា ស្ថានីយឧតុនិយម MetSul Meteorologia របស់ប្រេស៉ីល បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទ លក្ខខណ្ឌអាកាធាតុមានភាពប្រសើរឡើងហើយ ប៉ុន្តែភ្លៀងអាចនឹង ធ្លាក់ក្នុងកម្រិតតិចជាងមុននៅសប្តាហ៍នេះ ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែឧសភា៕